(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers' Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមហើយ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយបានអញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពី ការពន្លឿនសកម្មភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ គោលបំណងដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងចំណោមប្រទេសនៃមហាអនុតំបន់មេគង្គ ដែលរួមមានប្រ៖ ទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។

កិច្ចពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទរងសំខាន់ៗរួមមាន៖

*ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ( building climate and disasters resilience)

*ការសម្របសម្រួលហិរញ្ញប្បទានដែលគាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្មដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ (Facilitating low carbon transition)

*ការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការធ្វើកសិកម្មឆ្លាតវៃ(promoting climate-smart landscapes)

*ការលើកកម្ពស់គុណភាពបរិស្ថានតាមរយៈការត្រួតពិនិត្យការបំពុល និងការគ្រប់គ្រងសំណល់(Enhancing Environmental Quality through pollution control and waste management

*ការប្រើប្រាស់នូវប្រពន្ធ័បច្ចេកវិទ្យា ឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង និរន្តភាពបរិស្ថាន (Deploying Digital Technologies for climate action and environmental sustainability)

*ការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ធន់នឹងការប្រែប្រួលអាកាសធាតុ និង ការរៀបចំហិរញ្ញវត្ថុធន់នឹងហានិភ័យដែលបង្កមកពីគ្រោះហន្តរាយ (innovation climate and disaster risk financing instruments

ក្នុងឱកាសនោះ លោក សាន វណ្ណទី បានថ្លែងថា កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាឆ្នាំ២០២៣-២០២៨» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធសាស្រ្តនេះគឺជាផែនទីចង្អុលផ្លូវ និងជាផែនការសកម្មភាពជាអាទិភាព ដើម្បីធានាបាននូវនិរន្តភាពបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះផ្តោតទៅលើភាពស្អាត បៃតង និងចីរភាព។ ចំពោះភាពស្អាត យើងផ្តោតទៅលើ ការត្រួតពិនិត្យការបំពុល តាមរយៈការបំពាក់នូវប្រពន្ធ័ត្រួតពិនិត្យការបំពុលទំនើប និងការធ្វើឱ្យប្រសើរឡើង នូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ចំពោះភាពបៃតង យើងផ្តោតទៅលើការដាំដើមឈើ ដើម្បីធានាបាននូវការគ្រប់គ្រង តំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព និងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងចុងក្រោយគឺនិរន្តភាព យើងផ្តោតទៅលើការត្រួតពិនិត្យអនុលោមភាព ការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

វេទិកាដ៏មានសារៈសំខាន់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ ក្រុមការងារនៃប្រទេសនៃមហាអនុតំបន់មេគង្គ នឹងជួបជជែកពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ដើម្បីប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅ និរន្តភាពបរិស្ថាន និង សកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរួមគ្នាពុះពារនូវបញ្ហាប្រឈមនានា ដើម្បីកសាងនូវអនាគត ដ៏ភ្លឺស្វាង សំរាប់មហាអនុតំបន់មេគង្គ។

ក្រៅពីប្រតិភូបណ្តាប្រទេសមហាអនុតំបន់មេគង្គ សិក្ខាសាលាអន្តរជាតិនាពេលនេះ ក៏មានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស និងប្រទេសដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ ប្រទេសដាណឺម៉ាក, អាល្លឺម៉ង់, សិង្ហបុរី, ហ្វីលីពីន, មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានអន្តរជាតិនៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិន, ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ាន នៃប្រទេសចិន និងការិយាល័យកិច្ចសហប្រតិបត្តិការបរិស្ថាន និងអេកូឡូស៊ីខេត្តយូណាន, មជ្ឈមណ្ឌលអាស៊ាន នៃក្រសួងធនធានធម្មជាតិឡាវ មជ្ឈមណ្ឌលជីវចម្រុះឡាវ នាយកដ្ឋានប្រែប្រួលអាកាសធាតុថៃ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ផងដែរ៕