(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកសាលាកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីតាំងនៅភ្នំជុំរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកងរាជអាវុធហត្ថចំនួន៦នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ទៅផ្ដល់ជូនមេភូមិក្តុលអភិវឌ្ឍន៍ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញការងារ ហើយដើរមិនរួចរយៈពេលជិតមួយខែមកហើយ។

អំណោយជាអង្ករ និងថវិការបស់នាយឧត្តមសេនីយ៍ ដែលបានផ្ដល់ជូនតាមរយៈលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ រួមមាន៖ អង្ករចំនួន១៥០គីឡូក្រាម ថវិកាចំនួន១លានរៀល រួមនឹងថវិការបស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដែលលោកបានជួយឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលទៀត សរុបថវិកាមានចំនួន១លាន៥០ម៉ឺនរៀល។

ក្នុងឱកាសជួបសំណេះសំណាល និងយកអំណោយ និងថវិកាទៅផ្ដល់ជូនលោកមេភូមិខាងលើនេះ លោកឧត្តមសេនីយ៍ត្រី បានជូនពរឲ្យបានឆាប់បានជាសះស្បើយ ដើម្បីបន្តបម្រើការងារជូនបងប្អូនប្រជាលរដ្ឋនៅក្នុងមូល ដ្ឋានដែលកំពុងត្រូវការលោកជាចាំបាច់ក្នុងការដោះស្រាយករណីផ្សេងៗជូនពួកគាត់។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ក៏បានផ្ដាំផ្ញើលោកមេភូមិថា បើមានការខ្វះខាត និងតម្រូវការចាំបាច់អ្វីមួយទាំងគ្រួសារលោកអុំជាមេភូមិផ្ទាល់ ក៏ដូចជាគ្រួសារបងប្អូនអតីតយុទ្ធជននៅក្នុងភូមិក្តុលអភិវឌ្ឍន៍នេះទាំងអស់ សូមធ្វើការទាក់ទងមកលោកផ្ទាល់ ដែលលោកនៅក្បែរជាមួយបងប្អូននេះស្រាប់ លោកនឹងជួយដោះស្រាយជូនបងប្អូនទៅតាមលទ្ធភាព។

ដោយឡែកនៅព្រឹកមិញនេះដែរ ក៏មានតំណាងអភិបាលស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោកស្រីអភិបាលរងស្រុក និងក្រុមការងារចំនួន៥នាក់ មានក្រុមប្រឹក្សាឃុំស្វាយជុក និងកងរាជអាវុធហត្ថស្រុក ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជួយឧបត្ថម្ភដល់លោកអុំមេភូមិក្តុលអភិវឌ្ឍន៍ ខាងលើនេះផងដែរ ដែលមានអង្ករ៥០គីឡូក្រាម មី១កេះ, ត្រី ខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ភួយ១, មុង១ដែរ និងថវិកាចំនួន២០ម៉ឺនរៀល ផងដែរ។

លោក សន គឹមរៀង ជានិវត្តន៍ជន និងជាមេភូមិក្តុលអភិវឌ្ឍន៍ បានលើកដៃសំពះថ្លែងអំណរគុណនាយឧត្តមសេនីយ៍ សៅ សុខា, លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ, លោកអភិបាលស្រុកសាមគ្គីមានជ័យ, លោកមេឃុំស្វាយជុក និងក្រុមការងារទាំងអស់ ដែលបានចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមកផ្ដល់ជូនដល់គ្រួសារលោកអុំដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួចអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ៕