(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារមួយនៅលើ Facebook ផ្លូវការរបស់សម្តេចនៅព្រឹកនេះ ដោយបានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់យោគយល់និងអធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក។  

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងខណៈដែលប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាធ្វើដំណើរចាកចេញ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ដែលជាស្រុកកំណើត រៀងៗខ្លួន ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។ ការសំរុកចាកចេញនេះ បានធ្វើឲ្យមានការមមាញឹកខ្លាំង នៅតាមផ្លូវធ្វើដំណើរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ថ្ងៃនេះ១៣រោច ខែភទ្របទ ត្រូវនឹងបិណ្ឌ១៣ នៅសល់តែ២ថ្ងៃទៀតនឹងដល់ថ្ងៃភ្ជុំបិណ្ឌធំ ដែលជាថ្ងៃជួបជុំពុទ្ធសាសនិក នៅតាមវត្តអារាមនានានៅទូទាំងប្រទេស ។ សំរាប់ខ្ញុំបិណ្ឌឆ្នាំនេះបានតែមួយវត្តប៉ុណ្ណោះដោយការរវល់ ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំធំនៅថ្ងៃសៅរ៍ខាងមុខនេះ។ សូមបងប្អូនធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់យោគយល់ និងអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក និងសូមមានសុខសុវត្ថិភាពគ្រប់ៗគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនកុសលផលបុណ្យទាំងអស់ ដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រាប់ទាំងកងកម្លាំងកម្ពុជា ដែលកំពុងបំពេញបេសកកម្ម រក្សាសន្តិភាព នៅក្រៅប្រទេស ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ៕