(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានចូលរួមពីប្រធាននាយកដ្ឋានផ្លូវថ្នល់ មន្ត្រីបច្ចេកទេស និងជំនាញការ ស្តីពីគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា។
កិច្ចពិភាក្សានេះបានធ្វើឡើងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ផ្តោតលើការសិក្សាដើម្បីធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ការសាងសង់ស្ពានបន្ថែម ការសាងសង់ស្ពានអាកាស ការពង្រីកផ្លូវបន្ថែម និងការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថិតតាមបណ្តោយកំណាត់ផ្លូវជាតិលេខ១ សម្រាប់ពេលអនាគត។
ភាគីជប៉ុនដែលតំណាងដោយ JICA បានចុះសិក្សា និងប្រមូលព័ត៌មានជាធាតុចូល និងបានលើកឡើងនូវគម្រោងអាទិភាពមួយចំនួនដាក់ជូនក្រសួង ដើម្បីពិនិត្យពិភាក្សា និងសម្រេចយកគម្រោងអាទិភាពដែលសមស្រប ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងសម្រាប់ពេលខាងមុខ។
នាឱកាសនោះ លោករដ្ឋលេខាធិការ តូច ចាន់កុសល បានកោតសរសើរចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់ជប៉ុនមកដល់កម្ពុជា ហើយចំពោះគម្រោងអាទិភាពដែល JICA លើកឡើងក្រសួងនឹងធ្វើការពិនិត្យទៅតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីកាត់បន្ថយការប៉ះពាល់ ការរំខានដល់ប្រជាពលរដ្ឋ និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការឆ្លើយតបត្រឡប់ទៅវិញ៕