(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី មានចក្ខុវិស័យនាំឲ្យអារាមស្ថានបុរាណ ដែលមានប្រវត្តិតាំងពីសម័យលង្វែកមួយនេះ ក្លាយជារមណីយារាម និងជាមជ្ឈមណ្ឌលអប់រំ តាមបែបព្រះពុទ្ធសាសនា។
វត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ គឺជាអារាមស្ថានបុរាណមួយ ក្នុងរជ្ជកាលព្រះបាទ អង្គចន្ទរាជា អតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយរូប។ ដើមឡើយ ក្រោយបែកបាក់សម័យលង្វែក ទីអារាមបុរាណខាងលើ មានសភាពស្ងាត់ជ្រងំ ដ្បិតទីតាំងវត្តនៅឆ្ងាយជាយក្រុង តែបច្ចុប្បន្ននេះ បរិវេណវត្តដែលមានទំហំ ៣៣ហិចតារ និង៣០អារ បាននិងកំពុងក្លាយទីតាំងដ៏ល្បីល្បាញ សម្រាប់ពុទ្ធបរិស័ទ្ធធ្វើបុណ្យទាន និងសិក្សាពីធម៌របស់ព្រះពុទ្ធផងដែរ។
ការអភិវឌ្ឍនៅក្នុងវត្តនេះដោយល្អប្រសើរនោះ ត្រូវបានគេសង្កេតឃើញថា កើតឡើងនៅក្នុងអាណត្តិ របស់ព្រះសិរីកោសល សុំ សុខា។ បច្ចុប្បន្ន ព្រះអង្គ គឺជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលត្រូវបាននិមន្តពីស្រុកកោះធំ ខេត្តកណ្តាល ឲ្យមកធ្វើជាព្រះចៅធអិការវត្តភ្នៀតសិម្ពលី នៅឆ្នាំ២០០៨។
ព្រះសិរីកោសល សុំ សុខា មានថេរដីកាបញ្ជាក់យ៉ាងដូច្នេះថា៖ «ទិសដៅនៅទីនេះ ទី១ ចង់ឲ្យក្លាយជារមណីយដ្ឋានសាសនា និងទី២ ចង់ឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលអប់រំ ដ៏មានប្រសិទ្ធភាពមួយ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ហើយទី៣ ចង់យកវត្តនេះឲ្យក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដែលគ្នាមិនមានលទ្ធភាពច្រើន ដើម្បីសិក្សារៀនសូត្រ»៕