(ភ្នំពេញ)៖ សមាគមសហប្រតិបត្តិការដើម្បីជម្រុញការអប់រំ កម្ពុជាអាស៊ាន-ចិន បានផ្ដល់អាហាររូបករណ៍ចំនួន ៤០កន្លែង សម្រាប់ថ្នាក់សិក្សាភាសាចិនតាមអនឡាញ និង E-Commerce កម្រិតមូលដ្ឋានគ្រឹះ និងHSK4 ក្នុងឆ្នាំ២០២៤នេះ ដល់បណ្ដាញព័ត៌មាន Fresh News។
ការផ្ដល់ជូនអាហាររូបករណ៍នេះ ត្រូវបានប្រគល់ដោយផ្ទាល់ពីលោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជម្រុញការអប់រំ កម្ពុជាអាស៊ាន-ចិន ជូនទៅកាន់លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News និង CoolApp នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅអាគារខេមរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
អាហាររូបករណ៍សិក្សាភាសាចិនតាមអនឡាញ និង E-Commerce កម្រិតមូលដ្ឋានគ្រឹះ និងHSK4 នេះសិក្សារយៈពេល៣ខែ ដោយការបង្រៀន និងចេញសញ្ញាបត្រពីសាកលវិទ្យាល័យ Guizhou Vocational Technology Institute ផ្ទាល់តែម្ដង។ ការសិក្សា នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្សារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖៣០ល្ងាច ដល់ម៉ោង ៨៖៣០យប់។
ការសម្រេចផ្ដល់ជូនអាហាររូបករណ៍មកកាន់បណ្ដាញព័ត៌មាន Fresh News នៅពេលនេះ ដោយសារសមាគមសហប្រតិបត្តិការដើម្បីជម្រុញការអប់រំ កម្ពុជាអាស៊ាន-ចិន បានមើលឃើញពីការយកចិត្តទុកដាក់ផ្សព្វផ្សាយនូវព័ត៌មានជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជា នឹងតែងតែផ្ដល់ឱ្យសិស្សានុសិស្ស និងនិស្សិតកម្ពុជាទទួលបានឱកាសចូលរួមប្រកួតប្រជែងអាហាររូបករណ៍ ទស្សនៈកិច្ចសិក្សា និងសកម្មភាពជាច្រើនទៀត ដែលបណ្ដាញព័ត៌មាន Fresh News បានធ្វើនាពេលកន្លងមក៕