(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចូលរួមអមដំណើរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

នៅក្នុងឱកាសនៃការចូលរួមវេទិកាប៉េកាំងសៀងសាន ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ ស្ដីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។ ក្នុងអំឡុងពេលនៃការ ចូលរួមវេទិកានេះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយនាយឧត្ដមសេនីយ៍ ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណង ទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ៕