(ភ្នំពេញ)៖ ក្រុមការងារ #IAmoriginal បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសសម្ពោធគម្រោង #IAmoriginal ដែលជាមូលនិធិតន្រ្តីដំបូងគេ នៅកម្ពុជា ក្នុងគោលបំណងនៃការបង្កើតមូលនិធិនេះ គឺដើម្បីលើកស្ទួយ និងគាំទ្រអ្នកនិពន្ធ ផលិតករតន្រ្តី និងអ្នកចម្រៀង ដែលបានខិតខំបង្កើតបទចម្រៀង មិនចម្លងពីបរទេស។
សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើង នៅភោជនីយដ្ឋាន Bottom Up ស្ថិតនៅផ្លូវ១២ រដ្ខសភា ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីតារាចម្រៀង Original Song ល្បីៗជាច្រើនរូប។
លោក Cheky តារាសម្តែងដ៏ល្បី នៅក្នុងកម្មវិធីស្នេហ៍៩ និងជាតួឯកក្នុងរឿង «គ្រាប់ពេជ្រ» បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ថា #IAmOriginal Foundation គឺជាមូលនិធិតន្រ្តីដែលមិនរកប្រាក់ចំណេញ បង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ និងឲ្យតម្លៃលើតន្រ្តី និងចម្រៀងដើម មិនចម្លងពីគេនៅកម្ពុជា។
លោកបានបន្តថា ក្រុមការងារមូលនិធិនេះ នឹងធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់នូវជំនួយ ក្នុងការបណ្តុះបណ្តាលជួយជម្រុញ ពួកគាត់ឲ្យធ្វើការងារអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែក ជួយក្នុងវិស័យតន្រ្តី នៅកម្ពុជាឲ្យមានការរីកចំរើន ថែមមួយកំរិតទៀត។
លោក Cheky បានបន្ថែមឲ្យដឹងថា #IAmOriginal ចង់កសាងនូវរចនាសម្ព័ន្ធតន្រ្តីមួយ ដើម្បីឈានទៅរកស្តង់ដារ ដែលរាប់បញ្ចូលក្នុងការចូលរួមចំណែក ក្នុងការផលិតចម្រៀងថ្មីៗ មិនចម្លងពីគេ នឹងទទួលបានប្រយោជន៍កេរ្តិ៍ឈ្មោះ មិនថាអ្នកនិពន្ធសាច់ភ្លេច អ្នកនិពន្ធទំនុកច្រៀង ផលិតករតន្រ្តី និងអ្នកជំនាញខាងតន្រ្តី ឬអ្នកចម្រៀងជាដើម។
គួរបញ្ជាក់ថា #IAmoriginal គ្រោងបង្កើតនូវប្រព័ន្ធតន្រ្តី ដែលថ្មីមួយសម្រាប់កម្ពុជា អ្វីដែលជាការខុសប្លែកគ្នា និងតន្រ្តីបែបព្រឹត្តិការណ៍មហោស្រពលើកទី១នៅកម្ពុជា ដែលមានរបៀបវារៈ គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលនឹងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំក្រោយនេះ។
មូលនិធិដ៏ថ្មីសន្លាងនេះ នឹងមានយុទ្ធនាការផ្សព្វផ្សាយ លើបណ្តាញអ៉ីនធឺណេត ដោយផលិតជាអាល់ប៉ុមតន្រ្តី ចលនាតន្រ្តីដែលមិនចម្លងជាដើម។
ជាការកត់សំគាល់ នាពេលបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រ Original Song ដែលជាស្នាដៃកូនខ្មែរ បានកើនឡើង និងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីស្រទាប់យុវវ័យ។
ក្រៅពីការចាប់អារម្មណ៍ពីអ្នកគាំទ្រ តារាចម្រៀងជាច្រើននាក់ នៅកម្ពុជា បានសំណូមពរ ឲ្យតារាចម្រៀង អ្នកនិពន្ធបទភ្លេង និងចម្រៀង ងាកមកបង្កើតបទចម្រៀង និងបទភ្លេងដោយខ្លួនឯងវិញ ដើម្បីជាការលើកស្ទួយស្នាដៃ កូនខ្មែរផងដែរ៕