(ភ្នំពេញ)៖ សូមអញ្ជើញទស្សនាវីដេអូសកម្មភាពនៃ «ដំណើរទស្សនកិច្ចទិសឦសានស្វែងយល់ពីបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា» នៅតាមបណ្តាក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សាទិសភាគឦសាន្ត បានបញ្ជាក់ថា នេះជាសៀគ្វីទស្សនកិច្ចទិសឦសាន ១ ក្នុងចំណោម ៣ ដែលត្រូវបានរៀបចំដើម្បីផ្តល់ឱកាសដល់សាធារណជនបានទៅទស្សនានិងស្វែងយល់ដោយផ្ទាល់នៅតាមបណ្តោយព្រំដែន។ តម្រាយផ្លូវ២ សម្រាប់ទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះគឺទស្សនកិច្ចខេត្តស្ទឹងត្រែង និងរតនគិរី និងមួយទស្សនកិច្ចខេត្តក្រចេះ និងមណ្ឌលគិរី ដែលទស្សនកិច្ចទៅកាន់តំបន់២ នេះនឹងត្រូវសម្រាកនៅតំបន់នោះមួយយប់។

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕