(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ នឹងបើកកិច្ចសហការជិតស្និទ្ធជាមួយគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រួលការស្នើសុំគម្រោងវិនិយោគ ដែលជាផ្នែកមួយជួយជំរុញដល់ការងារវិនិយោគ។
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង។
ក្នុងជំនួបនេះក៏មានការចូលរួមពីលោក អ៊ូ សុផល ប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ។
ជាការស្វាគមន៍បើកកិច្ចប្រជុំនោះ លោកអគ្គលេខាធិការរង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលាធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងឱកាសនោះ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានរំលេចជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ ប្រព័ន្ធ cdcIPM ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមលោក សុទ្ធាយុត្តិ កិច្ចការងារនេះបានអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ និងជាបញ្ចកោណទី៥ ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។
ក្នុងជំនួបនេះ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនដល់អង្គប្រជុំ អំពីព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និងការតភ្ជាប់លើវិស័យហិរញ្ញវត្ថុ និងធនាគារ ជួយសម្រួលដល់កិច្ចការងារផ្ទេរ និងទូទាត់សាច់ប្រាក់បានយ៉ាងល្អប្រសើរ។
ក្រោយពីស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញ អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល។ ក្នុងនោះភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចសហការជិតស្និទ្ធ និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានាដើម្បីបម្រើប្រយោជន៍សាធារណៈ៕