(កំពង់ឆ្នាំង)៖ អតីតនិវត្តជន និងបច្ចុប្បន្នជាមេភូមិក្តុលអភិវឌ្ឍន៍ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដែលរូបគាត់កំពុងជួបបញ្ហាមានរបួសជើងដើរមិនរួចដោយសារគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) ក្នុងពេលបំពេញការងារ ទើបរូបគាត់ស្នើសុំដល់ថ្នាក់ដឹកនាំជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគបានខ្លះ សម្រាប់ដោះស្រាយជីវភាពភាពជាបណ្ដោះអាសន្នប្រចាំថ្ងៃ ខណៈដែលរូបគាត់ឈឺដើរហើរធ្វើការងាររកស៊ីមិនទាន់រួច។

លោកមេភូមិខាងលើនេះ មានឈ្មោះ សន គឹមរៀង អាយុ៧០ឆ្នាំ ជានិវត្តជន និងជាប្រធានភូមិក្តុលអភិវឌ្ឍន៍ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកអុំបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានរងរបួសដោយជិះម៉ូតូដួលតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខណៈដែលរូបគាត់បានចេញមកពីប្រជុំនៅសាលាឃុំស្វាយជុកវិញ។ ពេលដែលដួលម៉ូតូភ្លាមនោះរូបគាត់ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានដឹកយកទៅចាក់ថ្នាំ និងរុំរបួស នៅពេទ្យកងរាជអាវុធហត្ថក្នុងបន្ទាយក្បែរនោះដែរ ខណៈនោះរូបគាត់មានរបួសត្រគាក និងកជើងម្ខាងធ្ងន់ធ្ងរ ដែលធ្វើឱ្យគាត់ដើរមិនរួច បន្ទាប់មកក៏បានមកសម្រាកនៅផ្ទះ និងបានហៅពេទ្យឯកជនមកលាងរបួសនិងចាក់ថ្នាំជាប្រចាំ។

តែរយៈពេលជិត១ខែមកហើយ អាការៈជើងរបស់គាត់នៅមិនទាន់ធូរស្រាលអាចដើររួចនៅឡើយ គាត់ចង់មកពិនិត្យនិងឆ្លុះមើលជើង និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ តែជិះម៉ូតូមិនកើតនិងមិនមានមធ្យោបាយដើម្បីមកបាន ពីព្រោះមន្ទីរពេទ្យបង្អែកខេត្តនៅឆ្ងាយពីផ្ទះរបស់គាត់ ហេតុនេះមានតែរង់ចាំឲ្យជើងរបស់គាត់អាចជិះម៉ូតូបានគាត់នឹងជិះម៉ូតូមកពិនិត្យអាការៈជើងរបស់គាត់នៅមន្ទីរពេទ្យខេត្ត ដើម្បីឲ្យដឹងច្បាស់អំពីស្ថានជើងរបស់គាត់។

លោកមេភូមិខាងលើនេះបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នលោករស់នៅតែ២នាក់ប្ដីប្រពន្ធមានកូន២នាក់ដែរ តែគេបែកទៅនៅឆ្ងាយអស់ហើយ លោកអុំធ្វើជាមេភូមិក្តុលអភិវឌ្ឍន៍នេះ តាំងពីឆ្នាំ២០១៦មក ព្រោះភូមិនេះជាភូមិរបស់អតីតយុទ្ធជនសុទ្ធសាទ ដែលមានខ្នងផ្ទះសរុបចំនួន១៦០ខ្នងផ្ទះ ភូមិក្តុលអភិវឌ្ឍន៍នេះដែរ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាំងពីឆ្នាំ២០១១មក នៅពេលដែលរាជរដ្ឋាភិបាលចែកដីនិងសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនរួចមក គឺដាក់ឈ្មោះភូមិនេះជាភូមិក្តុលអភិវឌ្ឍន៍រហូតមក ចំណែកអ្នកដែលរស់នៅក្នុងភូមិនេះគឺមានតែបងប្អូនអតីតយុទ្ធជនប៉ុណ្ណោះ។ ដោយឡែក រូបគាត់ក៏ជានិវត្តជន ដែលធ្លាប់បម្រើការនៅក្រសួងមហាផ្ទៃ ហើយចូលនិវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលចែកដីនិងផ្ទះឱ្យនៅក្នុងភូមិនេះផងដែរ។

មួយរយៈនេះដោយសារតែស្ថានភាពជើងរបស់លោកដើរមិនរួច មិនបានបម្រើការងារដល់បងប្អូនអតីតយុទ្ធជននៅក្នុងភូមិអស់រយៈពេលជិតមួយខែមកហើយ ហេតុនេះទើបលោកគោរពស្នើសុំដល់ថ្នាក់ដឹកនាំមេត្តាជួយដល់ការព្យាបាល និងជួយដោះស្រាយគ្រឿងឧបភោគបរិភោគបានខ្លះតាមសប្បុរស សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រាដែលលោកដើរធ្វើការងាររកស៊ីមិនទាន់រួច៕