(Fukushima, ជប៉ុន)៖ ក្រុមយុវជនមកពីកម្ពុជា ២២រូប រួមនិងយុវជនមកពីប្រទេសទីម័រ និងព្រុយណេផងនោះ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលបច្ចេកទេសកសិកម្មដ៏ធំមួយនៅក្នុងខេត្ត Fukushima របស់ជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនេះក្រុមយុវជនទាំងអស់ទទួលបានការយល់ដឹងជាច្រើន ទៅលើការប្រើប្រាស់បច្ចេកទេសរបស់ប្រទេសជប៉ុន ទៅលើវិស័យកសិកម្ម។ បើតាមអ្នកគ្រប់គ្រងក្នុងមជ្ឈមណ្ឌលបច្ចេកទេសមួយនេះ បានបង្ហាញថា មជ្ឈមណ្ឌលមួយនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពិសោធន៍ទៅលើដំណាំកសិកម្មគ្រប់ប្រភេទ រួមទាំងដំណាំស្រូវ និងការចិញ្ចឹមសត្វផងដែរ។ មជ្ឈមណ្ឌល ក៏ជាកន្លែងសម្រាប់ស្រាវជ្រាវបច្ចេកទេសសម្រាប់ការដាំដំណាំផ្សេងៗផងដែរ។
បើតាមអ្នកគ្រប់គ្រង បានអះអាងថា រាល់ដំណាំកសិកម្ម ដែលប្រជាកសិករដាំដុះនៅទីនេះ ត្រូវបានឆ្លងកាត់ការពិសោធន៍ និងមានស្តង់ដារបច្ចេកទេសច្បាស់លាស់ មិនធ្វើឲ្យប៉ះអាល់ដល់សុខភាព របស់អ្នកបរិភោគនោះឡើយ។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញរបស់អ្នកគ្រប់គ្រងហើយ ក្រុមយុវជនមកពីកម្ពុជា ក៏ដូចជាយុវជនទីម័រ និងព្រុយណេផងដែរ ត្រូវបានអនុ ញ្ញាតឲ្យដើរមើលតាមបន្ទប់ពិសោធន៍នានា នៅក្នុងមជ្ឈមណ្ឌលមួយនេះ។
ជាការកត់សម្គាល់នៅអមសងខាងផ្លូវពីទីរួមខេត្ត Fukushima ទៅកាន់មជ្ឈមណ្ឌលនេះ បើទោះដីក្នុងខេត្ត Fukushima ហ៊ុមព័ទ្ធទៅ ដោយភ្នំ និងមានសណ្ឋានដីជាជម្រាលភ្នំយ៉ាងណាក្តី តែវាមិនមែនជាឧបសគ្គក្នុងការបង្កើនផលរបស់ប្រជាកសិករក្នុងខេត្តនេះឡើយ។ គេសង្កេតឃើញមានស្រែជាច្រើន ដែលពោរពេញដោយដំណាំស្រូវក្រហមឆ្អិនឆ្អាវដូចកម្រាលមាស ដោយមានកម្ពស់ទាបៗ និងមានផ្លែ ស្ទើរតែបាក់ដើមដេកដួលលើគ្នា។
ក្រុមយុវជន ដែលបានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ បានបង្ហាញការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញវិស័យកសិកម្ម នៅក្នុងប្រទេសជប៉ុន ពោរពេញដោយភាពជឿនលឿន ក្រោមការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាក្នុងការដាំដុះខ្ពស់បែបនេះ៕