(ចិន)៖ គម្រោងវិនិយោគធំៗលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមមានគម្រោងព្រែកជីហ្វូណនតេជោ​ផងនោះ ត្រូវបានលើកមកជជែករវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំ​នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ចិន ដើម្បីទម្លុះទម្លាយឧបសគ្គទាំង​ឡាយឱ្យគម្រោងវិនិយោគទាំងនោះបញ្ចប់តាមការគ្រោងទុក។

ជំនួបពិភាក្សាដ៏មានសារៈសំខាន់សម្រាប់កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានេះ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឯទីក្រុងប៉េកាំង ប្រទេសចិន។ ភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងអមដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន​ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប។ រីឯភាគីចិន ដឹកនាំដោយលោក Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC)។

ជំនួបនេះត្រូវបានរៀចចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍លើគម្រោងវិនិយោគសំខាន់ៗមួយចំនួនដែលវិនិយោគិនចិន បានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងទាំងអស់នេះ អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិ​វិធី​ការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងអស់សម្រេចបាន​ឆាប់​រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។

ក្នុងនោះគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា ត្រូវបានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បង្ហាញការប្តេជ្ញាចិត្ត នឹងជួយ​ជំរុញឱ្យក្រុមហ៊ុនចិន ដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឱ្យសម្រេច​បានលទ្ធផល​តាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាល​កម្ពុជា គឺអំឡុងឆ្នាំ២០២៨។

សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ ប្រទេសចិនបានជួយវិនិយោគ​លើ​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងនោះមានផ្លូវប្រវែងជាង ៣,០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដទៃទៀត​ ត្រូវ​បាន​សាងសង់ឡើង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕