(ស្វាយរៀង)៖ ថ្មដែលដាក់តាំងផ្លូវបំបែករង្វង់មូលជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ហើយធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម និងលើកជាចម្ងល់ក្នុងបណ្ដាញសង្គម ត្រូវបានលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ថា វាជាថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែន រីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក។

លោកថ្លែងថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំ នីមួយៗ ហើយដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះត្រូវធ្វើការលម្អបន្ថែមទៀត ដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ។ ក្រៅពីនេះ មានសរសេរអក្ស ទី១. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទី២. ប្រវត្តិថ្មសិលាសុខសិរី។

លោកអភិបាលស្រុករមាសហែក បានឲ្យដឹងទៀតថា ថ្មដែលដាក់ នៅផ្លូវបំបែកជា៤ក្បែរ សាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច ហើយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងារ បានលាងសំអាត សិលាសុខសិរី (សិលារួបរួម សុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក រមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុក ក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិង គ្រប់ក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា ផ្ដើមចេញពីការបង្ហោះរបស់ផេករដ្ឋបាលស្រុករមាសហែកកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា អរគុណសន្តិភាព ជាសមិទ្ធផលថ្មីទឹកដី នៃស្រុករមាសហែក ដោយគិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ រូបថតផ្លូវបំបែកដុំថ្មមួយនេះ ត្រូវបានចែករំលែកតាមបណ្ដាញសង្គមព្រោងព្រាត ធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំង៕