(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តតកំពង់ធំ បានថ្លែងថា ការអប់រំល្អគឺជាកូនសោរសម្រាប់ដោះស្រាយនូវបញ្ហាសង្គម-សេដ្ឋកិច្ច។
លោក ជា វ៉ាន់ចាន់ បានថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់កម្រិត ប័ណ្ណសរសើរ រង្វាន់សិស្សពូកែ សិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀន អារីហ្សូន សាខាខេត្តកំពង់ធំថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លី វេត អភិបាលរងខេត្ត លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
លោកបានលើកឡើងថា ដើម្បីបន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារក្នុងវិស័យអប់រំឱ្យស្របតាមនិន្នាការរីកចម្រើននិងបទដ្ឋានក្នុងវិស័យអប់រំទាំងក្នុងកម្រិតតំបន់និងពិភពលោក
បញ្ហាប្រឈមនៃវិស័យអប់រំបន្តដោះស្រាយបន្ទាន់នោះគឺគុណភាពអប់រំដោយត្រូវធានាឲ្យបាន។ យើងត្រូវបន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ការបំពេញការងាររបស់បុគ្គលិកអប់រំ ការពង្រឹងបច្ចេទេស គរុកោសល្យ និងការធ្វើវិក្រឹត្យការគ្រូបង្រៀនជាពិសេសផ្តោតលើកម្មវិធីបង្រៀន និងរៀនបែបសតវត្សទី២១ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមការរីកចម្រើនបច្ចេកវិទ្យា ការផ្លាស់ប្តូរបទពិសោធន៍ទាំងក្នុងតំបន់និងក្រៅតំបន់និងការជួយអន្តរាគមន៍ទាន់ពេលវេលានិងគ្រប់រូបភាព ទាំងពង្រឹងការងារពិនិត្យតាមដាន និងវាយតម្លៃការងារនៅគ្រប់លំដាប់ថ្នាក់។
លោកជំរុញការយកចិត្តទុកដាក់ដល់ការប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នាដោយអនុវត្តតាមទិសស្លោក “សាលារៀនស្វែងរកកុមារ” ដោយខិតខំយ៉ាងណាឲ្យកុមារកាន់តែមានភាពងាយស្រួលក្នុងការរៀននឹងបង្កលក្ខណៈងាយស្រួលដល់កុមារដើម្បីទទួលបានការអប់រំប្រកបដោយសមធម៌ ចរិយាបន្ន និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតា បិតា ឬអ្នកអាណាព្យាបាលសិស្សក្នុងការបង្កើតបរិស្ថានរៀនសូត្រ ក្លឹបសិក្សា ដល់សិស្សានុសិស្សឱ្យប្រកបដោយសុខមាភាពទាំងផ្លូវកាយនិងផ្លូវចិត្តពោលគឺបន្សាំខ្លួនទៅនឹងបរិបទថ្មី។
លោក ជា វ៉ាន់ចាន់ បានកោតសរសើរដល់សិស្សានុសិស្សដែលបានខិតខំតស៊ូរៀនសូត្ររហូតថ្ងៃនេះ បានទទួលផ្លែផ្កាដ៏ល្អហើយជឿថាសិស្សានុសិស្សទាំងអស់នឹងយកចំណេះវិជ្ជាទាំងនេះបន្តការសិក្សារបស់ខ្លួន ដើម្បីជាចំណេះដឹងក្នុងការប្រកបការងារថ្ងៃខាងមុខ ពេលយើងមានធនធានមនុស្សគ្រប់គ្រាន់ប្រទេសយើងក៏នឹងធ្វើការអភិវឌ្ឍបានកាន់តែលឿនផងដែរ។
លោកស្រី លឹម គន្ធា នាយិការសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្នាំ២០២៣-២០២៤មានសិស្សសរុប ៨៩៨នាក់ ក្នុងនោះថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យដល់ទី១២ ចំនួន៥៥៣ សិស្ស SC ចំនួន៥ថ្នាក់សិស្សសរុប ១៣០នាក់ និងសិស្ស ELP& CLP ចំនួន១២ថ្នាក់ សិស្សសរុបចំនួន២១៣នាក់ ។
លោកស្រីបន្តថា ក្នុងនាមជាគណៈគ្រប់គ្រងខាសាខេត្តកំពង់ធំ និងសហការីប្តេជ្ញាចិត្តប្រឹងប្រែងទ្វេរដងអោយយល់ពីសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអប់រំឲ្យកូនៗសិស្សានុសិស្សឲ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដែលជាសរសរទ្រូងប្រទេសជាតិដ៌រឹងមាំ និងធ្វើឲ្យលោកលោកស្រីមាតាបិតាសិស្សកាន់តែមានទំនុកចិត្តដោយឆ្នាំសិក្សាថ្មីនេះសម្រាប់សិស្សទី១២និងយកនិទ្ទេស A អោយបាន។ អ្វីដែលមាតាបិតាសិស្សចូលរួមមិនមែនតែថ្ងៃទទួលសញ្ញាបត្រ នោះទេ តែត្រូវចូលរួមគ្រប់សកម្មភាពរបស់សាលា ដូចជាភាពសហការខ្ពស់រាល់ទំនាក់ទំនងរបស់សាលាកម្មវិធីជំនួបអាណាព្យាបាល ការតាមដាន និងពិនិត្យមើលការសិក្សានៅផ្ទះ ដើម្បីដឹងពី ឥរិយាបថ អាកប្បកិរិយា និងការសិក្សារបស់កូនៗបានទាន់ពេល។
លោកស្រីបន្ថែមថា សម្រាប់ទិសដៅឆ្នាំសិក្សាថ្មីនេះសាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំនឹងបន្តរពង្រឹងនូវអភិបាលកិច្ច សាលារៀនល្អគឺគោរពឲ្យបាននូវគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺការគ្រប់គ្រងល្អ ការបង្រៀនល្អ និងការរៀនល្អដែលសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះសម្បទា បំនិនសម្បទា និងចរិយាសម្បទា ស្របតាមសម័យកាលឌីជីថលឧស្សាហកម្មសតវត្សទី២១ រៀបចំនូវ Steam សម្រាប់សិស្សានុសិស្សដើម្បីឲ្យពួកគេអនុវត្ត ដែលស្របតាមទ្រឹស្ដីបានពោលថា «ទ្រឹស្តីផ្សាភ្ជាប់ទៅនិងការអនុវត្ត»។ សាលារៀនអារីហ្សូន មានកម្មវិធីសិក្សាសម្បូរបែប និងបណ្ដុះបណ្ដាលសិស្សានុសិស្សចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ពោលគឺ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាបីភាសា កម្មវិធីអន្តរជាតិពីចក្រភពអង់គ្លេស (Cambridge) និងកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនភាសាទូទៅ EILTS ,TESOL កម្មវិធីសិក្សាភាសាអង់គ្លេស EBC ផងដែលយើងផ្ដោតសំខាន់ទៅលើការបណ្តុះបណ្ដាលសិស្សានុសិស្សឲ្យមានទាំងវិន័យសីលធម៌និងគុណភាព ព្រមទាំងបណ្ដុះស្មារតីសិស្សានុសិស្សឲ្យមានភាពក្លាហានភាពជាអ្នកដឹកនាំផ្សាភ្ជាប់ និងការសិក្សាទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង គួបផ្សំជាមួយនឹងសកម្មភាពសិក្សាបន្ថែម ដូចជា៖ កីឡា សីល្បៈ ព័ត៌មានវិទ្យា របកគំហើញថ្មីជាដើម។ សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំបានរៀបចំពិធីបើកបវេសន កាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា២០២៤-២០២៥និងប្រគល់វិញ្ញបនបត្របញ្ចាក់ការសិក្សាកម្រឹតថ្នាក់មត្តេយ្យ ទី៦ ទី៩ ទី១២បណ្ណ័សសើរ និងរង្វាន់សិស្សឆ្នើម សិស្សពូកែចំណាត់ថ្នាក់លេខ(១-៣)ប្រចាំឆ្នាំសិក្សា២០២៣-២០២៤។
លោក យ៉ន់ ម៉ានី តំណាងមាតាបិតាសិស្សបានសម្តែងការអរគុណដល់សាលាអារីហ្សូនដែលបានខិតខំបណ្តុះបណ្តាលសិស្សានុសិស្សរហូតបានទទួលផ្លែផ្កាគួរឱ្យកោតសរសើរពិសេសការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមការរីកចម្រើនបច្ចេកវិទ្យា ការផ្លាស់ប្តូរបទពិសោធន៍ទាំងក្នុងតំបន់និងក្រៅតំបន់នាសតវត្សទី២១៕