(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់បណ្ដោយព្រំដែនភូមិភាគឦសាន ទទួលបានចុះឈ្មោះយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋ ដោយគិតត្រឹមចុងសប្ដាហ៍កន្លងទៅ មានអ្នកចុះឈ្មោះជាង ១,០០០នាក់ឯណោះ ខណៈដំណើរទស្សនកិច្ចមួយជើង អាចទទួលប្រជាពលរដ្ឋត្រឹមតែ២០០នាក់ប៉ុណ្ណោះ។ ការបញ្ជាក់ពីលោក ទេព អស្នារិទ្ធ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់ម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា មូលហេតុដែលកំណត់ត្រឹម២០០នាក់ ក្នុងមួយដំណើរទស្សនកិច្ច គឺដើម្បីធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងប្រាកដថា ប្រជាពលរដ្ឋដែលធ្វើដំណើរទស្សនកិច្ច ទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា ដោយមិនមានការប្រកាន់ ឬបក្សពួកអ្វីឡើយ។

យ៉ាងណាមិញដំណើរទស្សនកិច្ចនេះ គឺត្រូវការការចុះឈ្មោះមុន តាមរយៈការស្កេន QR Cord នៅគេហទំព័ររបស់នៃក្រសួងព័ត៌មានដោយផ្ទាល់ ដែលជាស្ថាប័នទទួលបន្ទុករៀបចំដំណើរទស្សនកិច្ចនេះ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាការពន្យល់បន្ថែមអំពីការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចពីលោក ទេព អស្នារិទ្ធ ដូចតទៅ៖