(ភ្នំពេញ)៖ រាល់ពេលដែលព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីមុនី យាងបំពេញការងារនៅក្រៅប្រទេស ព្រះអង្គតែងសព្វព្រះរាជហឫទ័យប្រគល់ព្រះរាជកិច្ចទាំងឡាយជូនប្រធានព្រឹទ្ធសភាបំពេញភារកិច្ចថ្វាយព្រះអង្គ។
ចុះនៅពេលនេះ ព្រះករុណជាអម្ចាស់ជីវិតលើត្បូង ក៏យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញបំពេញការងារនៅកូរ៉េខាងត្បូងផងដែរ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ តើឥស្សរជនរូបណា នឹងបំពេញការងារថ្វាយព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី?
យោងតាមមាត្រា១១ នៃរដ្ឋធម្មនុញ្ញ បានចែងថា ក្នុងពេលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារកិច្ច នោះប្រធានព្រឹទ្ធសភាត្រូវបំពេញភារកិច្ចថ្វាយព្រះអង្គ ជាប្រមុខរដ្ឋ។
មាត្រាដដែលចែងទៀតថា ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច តំណែងប្រមុខរដ្ឋ ត្រូវបំពេញដោយប្រធានរដ្ឋសភា។
ក្នុងករណីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ពុំអាចបំពេញភារកិច្ចថ្វាយព្រះមហាក្សត្រទេនោះ ឥស្សរជនដែលនឹងត្រូវបំពេញភារកិច្ចថ្វាយព្រះមហាក្សត្រ ត្រូវជ្រើសជាលំដាប់លំដោយរួមមាន៖ អនុប្រធានទី១ ព្រឹទ្ធសភា អនុប្រធានទី១ រដ្ឋសភា អនុប្រធានទី២ ព្រឹទ្ធសភា អនុប្រធានទី២ រដ្ឋសភា។
បើយោងតាមការចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងវេលានេះ ប្រហែលជាសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ត្រូវបំពេញតួនាទីភារកិច្ចជាប្រមុខរដ្ឋស្តីទី៕