(ត្បូងឃ្មុំ)៖ លោកស្រី Alisa Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានលើកឡើងថា UNDP គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសមហិច្ចិតា ក្នុងការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នាឱកាសបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើទី១ នៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡាកម្ពុជា, លោកស្រី Alisa Chaker បានថ្លែងថា កម្ពុជាមានឆន្ទៈខ្ពស់ ក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល។
ជាមួយគ្នានេះដែរ តំណាង UNDP ក៏បានសង្កត់ធ្ងន់ពីកិច្ចពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីរួមចំណែកដល់ការបង្កើនគម្របព្រៃឈើនៅកម្ពុជា។
លោកស្រី Alisa Chaker បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានជំនឿមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមសកម្មភាពីអាជ្ញាធរខេត្ត វិស័យឯកជន ពិសេសការដឹកនាំរបស់ក្រសួងបរិស្ថាន នឹងអាចសម្រេចបានតាមក្របខណ្ឌគោលនយោបាយជាតិរបស់ខ្លួន»។
លោកស្រីបន្ថែមថា យុវជនក៏បាននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកឆ្ពោះទៅរកភាពជោគជ័យ នៃមហិច្ចិតាចំបងដែលបានកំណត់ទុក៕