(អ៉ីនឆន់, កូរ៉េខាងត្បូង)៖ នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀង​ថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។

ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បី​រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៉ីនឆន់ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភព​លោក បានចំណាយពេលវេលាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence)» ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចតេជោ អញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលនេះ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥។

ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹង​អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។

វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕