(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការស្រុកត្បែង​មានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកត្បែងមានជ័យ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» ក្រោមសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ។

នាឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ចំណុះរដ្ឋបាលស្រុកត្បែងមានជ័យ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»

លោកអភិបាលខេត្តព្រះវិហារ ថ្លែងបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើនដែលពួកគាត់មានតម្រូវការឈាម។

ជាមួយនេះយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់ មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងអំពីអត្ថប្រយោជន៍របស់អ្នកដែលជាអ្នកបរិច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជា ច្រើនទៀត ហើយក៏ទទួល​បាននូវការសរសើរ និងមានឈ្មោះថា ជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់។

សូមបញ្ជាក់ថា យុទ្ធនាការបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះ មានអ្នកចូលរួមចំនួន ១៥២នាក់ ស្រី ៨៥នាក់ អ្នកចូលរួមស្ម័គ្រចិត្តផ្តល់ឈាមចំនួន៥២នាក់  ស្រី៣១នាក់ ក្នុងនោះអ្នកមិនមានលក្ខ័ណ្ឌ​គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន២៤នាក់ ស្រី១២នាក់ ឈាមដែលបូមបានចំនួន២៨នាក់ ស្រី១៧នាក់ក្នុងនោះ៖ ក្រុមឈាម O+  ចំនួន ១២សាក់, ក្រុមឈាម AB+ ចំនួន ០៤សាក់ ក្រុមឈាម A+  ចំនួន ០៣ សាក់ និងក្រុមឈាម B+  ចំនួន ០៩សាក់។

ក្នុងកម្មវិធីបរិច្ចាកឈាមនេះដែរ ក្រុមការងារផ្នែកសុខភាពភ្នែកនៃមន្ទីរពេទ្យបង្អែក ១៦មករា បានពិនិត្យភ្នែកដល់អ្នកមកបរិច្ចាកឈាម ក្នុងនោះចំនួនអ្នកដែលបានពិនិត្យភ្នែកសរុប ៥១នាក់ និងបានផ្តល់វែនតាចំនួន៤២នាក់ផងដែរ៕