(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព​លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នៅក្នុងកិច្ចប្រជុំនេះលោកស្រី បាន ស្រីមុំ បានឱ្យដឹងថាការធ្វើសិក្ខាសាលានាពេលខាងមុខរបស់ក្រសួងមុខងារសាធារណៈ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការផ្តល់សេវាសាធារណៈ​របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនា លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្ត ដែលទទួលស្គាល់ពី រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តហើយការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរគឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច តេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងត្រូវបានបន្តផ្តល់ការ យកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ននេះ។

លោកស្រីអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នា ដោយធ្វើយ៉ាងណាឱ្យកម្មវិធីសិក្ខាសាលាដំណើរទៅដោយរលូន ទៅតាមការគ្រោងទុក ដែលនេះគឺជាមោទនភាព និងជាកិត្តិយសសម្រាប់ខេត្តប៉ៃលិនរបស់យើង ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣។

សូមរំលឹកថា សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ ២០២៣ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តប៉ៃលិន៕