(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តដែលបានដាក់ឲ្យអនុវត្តមុនគេនូវ អនុក្រឹត្យស្ដីពី ការប្រគល់មុខងារ ការអប់រំ ថ្នាក់បឋមសិក្សា និងអប់រំក្រៅប្រព័ន្ធទៅដល់រដ្ឋបាលក្រុង-ស្រុក។
ការបញ្ជាក់ថា បែបនេះត្រូវបានធ្វើឡើង នៅពេលដែល សម្ដេច ស ខេង ចូលរួមផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តស្តីពីការប្រគល់មុខងារការអប់រំ ថ្នាក់បឋមសិក្សា និងអប់រំក្រៅប្រព័ន្ធ ទៅដល់រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តបាត់ដំបង។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានា នាយកសាលា អាជ្ញាធរដែនដីក្រុង ស្រុក មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។
បន្ទាប់របាយការណ៍ស្វាគមន៍របស់លោក ច័ន្ទ សុផល អភិបាលខេត្ត បានរាយការណ៍ស្តីពី ការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យអប់រំ ជូនគណៈអធិបតីរួចមក។ លោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពី លើវិស័យការងារ អប់រំ មានការរីកចម្រើន និងមានសិស្ស កើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្តីពីការ ប្រគល់មុខងារការ អប់រំ ថ្នាក់បឋមសិក្សា និងអប់រំក្រៅប្រព័ន្ធ ទៅដល់រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង ដំណើរការអនុវត្តមុនគេ និងបន្តដាក់ឲ្យខេត្តផ្សេងៗទៀត អនុវត្តតាមក្រោយបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ សម្តេច ស ខេង បានបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តដែលបានដាក់ឲ្យអនុវត្តមុនគេនូវ អនុក្រឹត្យស្ដីពី ការប្រគល់មុខងារ ការអប់រំ ថ្នាក់បឋមសិក្សា និងអប់រំក្រៅប្រព័ន្ធទៅដល់រដ្ឋបាលក្រុង-ស្រុក។ សម្ដេចក្រឡាហោម បន្តថា «ដោយវិស័យអប់រំយើងមានការរីកចម្រើនខ្លាំង និងដើម្បីផ្ទេរអំណាច ពីថ្នាក់ជាតិ ប្រគល់ទៅថ្នាក់ក្រោមជាតិ ដែលជាអ្នកមូលដ្ឋានផ្ទាល់បានគ្រប់គ្រងខ្លួន និងមានកិច្ចសហការ ពីអាជ្ញាខេត្ត ក្រុង ស្រុក ផងដែរ»៕