(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានចាប់ផ្តើមចាត់ការសំណុំរឿងរបស់ជនរងគ្រោះរស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្តឹងពីបទ ឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកមិញនេះ បានសាកសួរជនរងគ្រោះ ឈ្មោះ ឌុក ឡូត ដែលបានប្តឹងពីឆបោកប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី រស់នៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា អ្នកទាំងពីរនាក់នេះ បានបោកយកប្រាក់ពីមនុស្សសរុប១០នាក់ ដែលមានបំណងចង់ចូលធ្វើការជាមន្ត្រីនគរបាលជាតិ តាមរយៈការសន្យាបំពេញបែបបទចូលក្របខ័ណ្ឌ ដោយជោគជ័យជាថ្នូរនឹងទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល។
លោក ឌុក ឡូរ បានចោទប្រកាន់ថា «ទង្វើរបស់ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា គឺជាទង្វើទុច្ចរិត មានគំនិតបោកប្រាសប្រាក់របស់ប្រជាជនយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានធ្វើឲ្យខ្ញុំបាទខូចខាត ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ… ដែលមិនអាចទទួលយកបានឡើយ ហើយទង្វើនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងរបៀបរៀបរយសាធារណៈ ដែលច្បាប់គាំពារ»។
លោកបានបញ្ជាក់បន្ថែមថា តាមរយៈការណែនាំរបស់ជនទាំងពីររូបនេះ លោកបានប្រមែប្រមូលអ្នកមានបំណងចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់រហូតដល់ចំនួន ១០,០០០ ដុល្លារអាមេរិក។ ចំណែកបុរសឈ្មោះ វ៉ែន សុខាត់ បានសន្យាថា នៅក្នុងរយៈពេល៣ខែ អ្នកបង់ប្រាក់ទាំងអស់នឹងទទួលឈ្មោះជាមន្ត្រីនគរបាលជាតិមានក្របខ័ណ្ឌពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។ ប៉ុន្តែក្នុងករណីហួសការ កំណត់រយៈពេលបីខែ ប្រសិនបើមិនមានឈ្មោះទេនោះ ឈ្មោះ វ៉ែន សុខាត់ នឹងប្រគល់ប្រាក់ត្រឡប់មកវិញគ្រប់ចំនួន។
លោកបញ្ជាក់បន្ថែមថា អ្នកចង់ចូលបម្រើការក្នុងក្របខ័ណ្ឌ ដែលលោកជួយណែនាំបានចំណាយប្រាក់របស់យុវជន១០នាក់ គឺស្មើនឹង ៩៥,០០០ដុល្លារ។ លោក ឌុក ឡូរ បានរំឭកថា នៅពេលម្ចាស់ប្រាក់ទាមទារប្រាក់ច្រើនដងពេក ជនទំាង២នាក់ខាងលើ បានសរសេរមូលប្បទានប័ត្រជាបន្តបន្ទាប់ ដែលមូលប្បទានប័ត្រទាំងនោះមិនមានសាច់ប្រាក់ឡើយ គឺ«សែកស្អុយ»។
យោងតាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង ឡុង ស៊ីថា បានឲ្យដឹងថា ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា ត្រូវចូលខ្លួនបំភ្លឺ នាវេលាម៉ោងរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ នាវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃនេះ លោក វ៉ែន សុខាត់ បានដើរចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយមានបុរសម្នាក់អមដំណើរផងដែរ។ ចំណែកឈ្មោះ ឆេង ឆៃឡា មិនឃើញបង្ហាញខ្លួនតាមដីកាកោះឡើយ។
នាពេលកន្លងមក ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ជនចាញ់បោកគេខាងលើ អ្នកស្រី ឆេង ឆៃឡា បានទទួលសារសំណួរពីអ្នកសារព័ត៌មាន ប៉ុន្តែមិនឆ្លើយសំណួរឡើយ ព្រមទាំងបិទគណីតេឡេក្រាមថែមទៀតផង។ ចំណែកឈោ្មះ វ៉ែន សុខាត់ បានប្រកែកមិនព្រមសងជាដាច់ចខាតដោយសន្យាឲ្យថា ឈ្មោះ ឆេង ឆៃឡា គឺជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ ព្រមទាំងអះអាងអំពីការប្រកាសលក់ដីរបស់អ្នកស្រី ឆេង ឆៃឡា ដើម្បីយកប្រាក់មកសងជនត្រូវចាញ់បោក់៕