(កំពង់ឆ្នាំង)៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តចំនួន៤គ្រឿង និងម៉ូតូ១គ្រឿងបុកគ្នាកណ្ដាលផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ១៦៖និង៤០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ ដំបូងឡើយមានរថយន្តមួយគ្រឿងម៉ាក Toyota corola ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2o-2782 ម្ចាស់រថយន្តឈ្មោះ ជ័យ សុខឃី អាយុ២០ឆ្នាំ មុខរបរជាងថតរូប មានទីលំនៅភូមិអូររំចេក ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងមានអ្នករួមដំណើរចំនួន៦នាក់ ដោយរថយន្តនេះបានចតនៅជាយផ្លូវ ហើយអ្នករួមដំណើរជាមួយបានចុះកាក់រថយន្តផ្សេងទៀតដើម្បីបន្តដំណើរទៅភ្នំពេញ។
ពេលនោះក៏មានរថយន្តដឹកអ្នកដំណើរមួយគ្រឿងម៉ាក (សាំយ៉ុង) Samyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2041បើកបរដោយឈ្មោះ ហាន សិលា អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិល្វេក្រោម ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម បើកបរពីទិសខាងកើត ទៅទិសខាងលិចក៏បានបន្ថយល្បឿនប្រុងឈប់ស្របពេល នោះក៏មានរថយន្តក្រុងមួយគ្រឿងទៀត ម៉ាក Hyandai ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 3F-4166 ធ្វើដំណើរស្របទិសគ្នាបាន មកបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១៦ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B-7448 បើកបរដោយឈ្មោះ ឡាំ សុផាន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ (ស្លាប់នៅមន្ទីរពេទ្យ) ត្រូវជាម្ដាយ និងអ្នករួមដំណើរ២នាក់ទៀត រួមមាន៖ ឈ្មោះ ឆឹង គឹមឃៀង អាយុ៣ខួប ត្រូវជាកូន (ស្លាប់នៅនិងកន្លែងកើតហេតុ) និងឈ្មោះ អ៊ុយ យ៉ាងគួយ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ស្លាប់នៅនិងកន្លែងកើតហេតុ)។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា រថយន្តខាងលើនេះបន្ទាប់ពីបុកម៉ូតូហើយនោះ ក៏បានរេចង្កូតទៅបុករថយន្តម៉ាក toyota Corolla ដែលចតនៅជាយផ្លូវខាងលើនេះពីក្រោយពេញទំហឹង ស្របពេលនោះរថយន្ត ក្រុងដែលបើកបរមកដល់ចំណុចខាងលើនេះដែរ ក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Ford ranger XLT ផលិតឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខកម្ពុជា Tly.9161បើកបរដោយឈ្មោះ ធូ វ៉ាន់ថា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅផ្ទះលេខ១០D ក្រុម១២៧ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើដំណើរស្របទិសគ្នាលើកន្លងវ៉ាជែង បន្ទាប់មករថយន្តក្រុងនេះក៏បានទៅបុករបាំងពុះចែកទ្រូងផ្លូវជាបន្តទៀត។
នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា នៅក្រោយពេលកើតហេតុរថយន្តម៉ាក samyong ដឹកអ្នកដំណើរបានរត់គេចពីកន្លែងកើតហេតុដោយយករថយន្តមកលាក់ទុក ក្នុងវត្តស្វាយកល្ប ចំណែកតៃកុងបើកបររថយន្តក្រុងក៏បានរត់គេចខ្លួនផងដែរ។
ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលទាំង២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ រីឯរថយន្តទាំង៤គ្រឿង និងម៉ូតូ១គ្រឿ ងត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបរិបូណ៍។
ឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានជាបឋមដូចខាងក្រោម៖
*ដើមហេតុបង្កដោយរថយន្តទេសចរម៉ាក samyong (សាំយ៉ុង) ឈប់មិនប្រុងប្រយ័ត្នមិនមើលក្រោយ បណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ។
*អ្នកបើករថយន្តក្រុងបើកក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្នហើយរត់គេចខ្លួនមានចេតនាគេចវេសមិនទទួលខុសត្រូវ
*រថយន្ត៤គ្រឿងខូចខាតធ្ងន់ធ្ងរ៣គ្រឿង និងស្រាល១គ្រឿង
*ម៉ូតូ១គ្រឿងខូចខាតទាំងស្រុង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្កដើម្បីយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕