(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានចាត់ទុកថា ការពង្រីកគ្រឹះស្ថានសិក្សាឯកជន គឺជាការលើកកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍ក្នុងវិស័យសិក្សានៅកម្ពុជា។ ការលើកឡើងដូច្នេះ ក្នុងឱកាសដាក់សម្ពោធជាផ្លូវការសាលារៀន វ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របគ្នាជាមួយការប្រារព្ធទិវាអក្ខរកម្មជាតិថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កម្មវិធីសិក្សាធិការពិតជាបានលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាងនេះលើកកម្ពស់ធនធានមនុស្ស និងបន្តរក្សាសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូប បាននិងកំពុងទទួលផលជាពិសេសនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តធ្លាប់តែប្រទាញប្រទង់គ្នាដោយចុងអាវុធ និងអូសបន្លាយយូរឆ្នាំជាងគេក្នុងសង្គ្រាម។

ជាមួយនិងការបើកពង្រីកសាលារៀនបន្ថែម គឺបានចំណេះដឹងដល់កុមារ និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្ម និងមាននិរន្តរភាព។

ទន្ទឹមនោះអភិបាលខេត្តកំពង់ស្ពឺ បានរំពឹងទុកថា គ្រឹះស្ថានសិក្សានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងកាន់តែទូលំទូលាយ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងគោល នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនេះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារលើកកម្ពស់អក្ខរកម្មគឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉នប្រចាំថ្ងៃនូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានសាលារៀនចំនួន៦៤៣សាលា ក្នុងនោះសាលារៀនឯកជនចំនួន៩៧សាលារៀន។ ក្នុងអំឡុងមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេច បាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ។ តួយ៉ាងយុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្ត បង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូងដើម្បីកែលម្អ ប្រសិទ្ធភាពអក្ខរកម្មនិងគុណភាពនៃការរៀន៕