(ភ្នំពេញ)៖ អ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា ប្រធានក្រុមស្រ្តីដើម្បីវឌ្ឍនភាពសង្គម នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ គួរងាកមកប្រើប្រាស់កម្មវិធី CoolApp ដើម្បីរួមចំណែកគាំទ្រ និងបង្ហាញមោទកភាពជាតិ ចំពោះផលិតផលបច្ចេកវិទ្យារបស់ខ្មែរ។
ក្នុងបទសម្ភាសជាមួយ Fresh News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកនាង បានលើកឡើងពីគុណប្រយោជន៍ជាច្រើនរបស់កម្មវិធីបណ្តាញសង្គម CoolApp ក្នុងនោះអ្នកនាង បានលើកឡើងថា ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ យើងគួរតែគាំទ្រផលិតផលរបស់ខ្មែរ គាំទ្រទឹកចិត្តស្នាដៃកូនខ្មែរ ហើយបើនិយាយពីអត្ថប្រយោជន៍កម្មវិធីនេះ ក៏មិនចាញ់ទៅនឹង Telegram និង WhatsApp ដែរ។
ប្រធានក្រុមស្រ្តីដើម្បីវឌ្ឍនភាពសង្គម បានបន្តថា «នាងខ្ញុំសូមអំពាវនាវដល់ប្រជាជន ពុកម៉ែបងប្អូន យុវជនដែលធ្លាប់ប្រើ Telegram និងWhatsapp សាកមកប្រើប្រាស់ប្រព័ន្ធ CoolApp ក៏ដូចជាជួយលើកទឹកចិត្ត លើកស្ទួយនូវអ្វីដែលខ្មែរយើងផលិតបាន»។
កាលពីពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រចំពោះកម្មវិធី CoolApp និងអំពាវនាវឱ្យស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ គាំទ្រកម្មវិធីរបស់ខ្មែរនេះ ឱ្យបានផុសផុល។ សម្តេចបានលើកឡើងថា «វាជាកម្មវិធីដំបូងគេមិនធ្លាប់មានរបស់កម្ពុជា និងដែលត្រូវបានដាក់ឱ្យប្រើក្នុង ដែនសន្តិសុខជាតិរបស់កម្ពុជា។ ប្រទេសដទៃទៀតមាន មធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ប្រទេសចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៊ី ... ដូច្នេះនៅកម្ពុជា! យើងក៏មានផលិតផលផ្ទាល់ខ្លួនរបស់យើងផងដែរគឺ CoolApp»។
បើតាម លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានថ្លែងប្រាប់ឲ្យដឹងថា CoolApp ជាកម្មវិធីផ្ញើសារ និងខល តាមប្រព័ន្ធអ៉ីនធើណិត ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងធានាសុវត្ថិភាពបំផុត។ លោកបញ្ជាក់ថា «CoolApp ប្រើប្រាស់មុខងារ end-to-end encryption ធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃណាអាចអាន ឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ»។
CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ប្រជាជនខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ៕
សូមស្ដាប់កិច្ចសម្ភាសរវាង Fresh News ជាមួយ ប្រធានក្រុមស្រ្តីដើម្បីវឌ្ឍនភាពសង្គម ដូចតទៅ៖