(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំលើកដាក់រូបសំណាកសត្វដំរីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ នៅទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ការរៀបចំលើករូបសំណាកដាក់គ្រួសារសត្វដំរីនេះធ្វើកំណត់យកម៉ោង ៩៖៩នាទីព្រឹកថ្ងៃចន្ទទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី ព្រមទាំងអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
សូមរលឹកថា រមណីដ្ឋានបឹងកន្សែង ស្ថិតនៅចំកណ្ដាលបេះដូងក្រុងបានលុង នៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាតរមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពីលោកញ៉ែម សំអឿន បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញដោយកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក គ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕