(សៀមរាប)៖ លោក​ ស្រេន​ សុព្រី សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងអនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានក្រើនរំលឹកដល់សាសនិកឥស្លាមទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានគង់រង្ស ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស មានភាពសុខដុមរមនាខាងសាសនាផងដេរ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក ស្រេន សុព្រី នៅក្នុងសិក្ខាសាលាលើកទី១ ស្តីពីការរៀបចំសពតាមច្បាប់ឥស្លាម ដល់ហាកឹម តួន និងសាសនិកឥស្លាម​ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក ម៉ូហាម៉ាត់ អាប៊ូបាកើត នាយកសាលាអភិវឌ្ឍន៍វិស័យអប់រំមិត្តភាព និងលោក រំលី​ ម៉ហាំម៉ាត់ អ្នកសម្របសម្រួលកម្មវិធី និងថ្នាក់ដឹកនាំសាលា ព្រមទាំងតួនៗ និងសាសនាឥស្លាមជាច្រើនចូលរួមជាច្រើន ដែលរៀបចំឡើងដោយសាលាអភិវឌ្ឍន៍វិស័យអប់រំមិត្តភាព នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ស្រេន សុព្រី បានបន្តថា​ យើងមានកម្មវិធិថ្ងៃនេះ គឹមិនម៉ែនយើងស្ថិតនៅក្នុងស្ថានភាបវឹកវរនោះទេ គឺដោយសារយើងមានសុខសន្តិភាព ប្រសិនបើយើងស្ថិតនៅក្នុងស្ថានភាពដែលមានការបាញ់គ្នា ហើយយន្តហោះចម្បាំង ហោះឆ្វែលចុះឡើង នោះយើងមិនអាចមកអង្គុយក្នុងថ្នាក់រៀននេះបាននោះឡើយ។

លោក ម៉ូហាម៉ាត់ អាប៊ូបាកើត បានលើកឡើងថា គោលបំណងដែលរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយ និង​ចែករំលែក នូវមាគ៌ាដ៏ត្រឹមត្រូវរបស់សាសនាឥស្លាម ជាពិសេស ពីរបៀបនៃការរៀបចំសាកសព (ម៉ាយិត) មានដូចជា៖ របៀបសំពះយាំងឲ្យសព, របៀបងូតទឹកឲ្យសព, របៀបកាហ្វាន់ឲ្យសព និងរបៀបផ្សេងៗទៀត។

លោកបានបន្តថា ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបានផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញ ព្រមទាំងបានឲ្យយើងទាំងអស់គ្នាបានរៀនសូត្រ និងគោរព ប្រតិបត្តិ ចំពោះព្រះអល់ឡោះផង​ដែរ។

លោកបញ្ជាក់ថា សិក្ខាកាមដែលមកចូលរួមក្នុងកម្មវិធីនេះ គឺសុទ្ធសឹងតែជាថ្នាក់ដឹកនាំវិហារ និងស៊ូរ៉ាវ ក្នុង​ខេត្តសៀមរាប ព្រមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាច្រើនចូលរួមផង​ដែរ។

ជាមួយនេះដែរ លោក​ក៏បាន​ថ្លែង​អំណរគុណដល់ថ្នាក់ដឹកនាំសហគមន៍ និងថ្នាក់ដឹកនាំសាលា ព្រមទាំងសាសនិកឥស្លាមក្នុងខេត្តទាំងអស់ ដែលបានមកចូលរួមក្នុងកម្មវិធីនេះ នឹងធ្វើឲ្យកម្មវិធីនេះដំណើរការទៅដោយរលូន និង​ទទួលបានជោគជ័យផងដែរ៕