(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំរួមគ្នាជាលើកទី៣ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាព​នៅមូលដ្ឋានស្រុក ខណ្ឌ សំដៅសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំរួមជាលើកទី៣ នេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ-ស្រុក, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រី ដែលជាមេឃុំចៅសង្កាត់ជាច្រើនរូប។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ចេង មុនីរ៉ា និងលោក ឡូវ សុខសាន្ត បានដាក់ចេញនូវគោលដៅរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់​សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺបង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងពីរ ។ ដោយឡែក ឃុំ-សង្កាត់ណា ដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងពីរ បង្កើនការយកចិត្តទុកដាក់​ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន។

ក្នុងកិច្ចប្រជុំលើកទី៣នេះដែរ គណៈបញ្ជាការឯកភាពទាំង២ បានសម្រេចរួមគ្នាបង្កើតប៉ុស្តិ៍ ជាទីបញ្ជាការស្រាល សម្រាប់កម្លាំងគណៈបញ្ជាការទាំងពីរប្រចាំការ ដើម្បីការពារ និងបងមុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ដែលមានព្រំប្រទល់ជាប់គ្នា។ មួយផ្នែកទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ គណៈបញ្ជាការឯកភាពទាំងពីរបានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ ពីផលប៉ះពាល់ដោយសារការញៀន ល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់នេះគឺជាផ្នែកមួយនៃការជំរុញ​ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីមានការភ្ញាក់រឭកតាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពទាំងពីរ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលឱ្យក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងឡូតូ​តាមអនឡាញជាដើម។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺមានន័យថា ពលរដ្ឋបានរួមចំណែកជាមួយអាជ្ញាធរ ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងមួយផ្នែកទៀត បានចូលរួមអនុវត្តបទបញ្ជា​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមាននៅក្នុងប្រទេស៕