(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោក អូត ឈាងលី អភិបាលស្រុកបាធាយ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលស្រុក បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់លោក អូត ឈាងលី អភិបាលស្រុកប្រធានថ្មីលោកអភិបាលខេត្ត លោក អ៊ុន ចាន់ដា បានណែនាំសូមឱ្យរដ្ឋបាលស្រុកបាធាយពង្រឹងគោលការណ៍៤ចំណុច ដើម្បីអនុវត្តបន្តដូចខាងក្រោម៖
*ទី១៖ ខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួនបន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធ បញ្ហាក្មេងទំនើងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀនត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។
*ទី២៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មី ត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
*ទី៣៖ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។
*ទី៤៖ សូមឱ្យបង្កើននូវការយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាននៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី។ ចំពោះការអភិវឌ្ឍន៍ត្រូវយក បទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកបាធាយនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ដល់ថ្នាក់ឃុំផងដែរ៕