(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ និងចិញ្ចឹមកង្កែបចំនួន៤គ្រួសារ នៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង។

ការចុះជួបជាមួយប្រជាកសិករដាំបន្លែ នៅក្នុងក្រុងស្វាយរៀងនេះ មានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, លោក សុខ រស់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, ក្រុមការងារគណបក្សថ្នាក់ ខេត្ត ថ្នាក់សង្កាត់ និងថ្នាក់ភូមិជាច្រើនរូបផងដែរ។

កសិករ ឡុង សុខុន បានរៀបរាប់ប្រាប់ក្រុមការងារថា សព្វថ្ងៃពួកគាត់ដាំដំណាំបន្លែសរីរាង្គជាច្រើនមុខមាន ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ និងបន្លែទ្រើង និងចិញ្ចឹមកង្កែប ដែលអាចលក់ទៅកាន់ទីផ្សារផ្គត់ផ្គង់ជីវភាពបានមួយកម្រិត បន្ទាប់ពីការងារក្រោយធ្វើស្រែ។

លោកបណ្ឌិត សម តារា បានកោតសសើរដល់កសិករ ឡុង សុខុន, កុល សង្ហា, យស់ សុីថា និងប្រាក់ សាប៊ន បានចូលរួមអនុវត្ត​វិធីសាស្រ្ត​ដាំបន្លែសរីរាង្គ​មិន​ធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយផងដែរ។

លោកបណ្ឌិត សម តារា សំណូមពរឲ្យប្រជាកសិករដទៃទៀត បង្កើននូវការដាំដុះនូវបន្លែសរីរាង្គបន្ថែមទៀត និងសូមប្រជាពលរដ្ឋបន្តលើកទឹកចិត្តដល់ប្រជាកសិករ និងប្រើប្រាស់បន្លែសរីរាង្គវិញ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅក្រុងស្វាយរៀងនេះ លោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាជូនក្រុមការងារ និងជូនគ្រួសារកសិករ សរុបការចំណាយទាំងអស់មានចំនួន១,៥០០,០០០រៀលផងដែរ៕