(ភ្នំពេញ)៖ «សមាគមយុវជនក្រុម៨» បានរៀបចំពិធីអាហារសាមគ្គី សមាគមយុវជនក្រុម៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នានៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោកបណ្ឌិត ម៉ឹង មករា រដ្ឋលរខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសមាគមយុវជនក្រុម៨ បានសម្តែងនូវគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងបានលើកឡើងអំពីប្រវត្តិ នៃការបង្កើតសមាគមយុវជនក្រុម៨ ដែលចាប់ផ្តើមពីសមាជិក ៩នាក់ក្នុងឆ្នាំ២០១០ រហូតមានសមាជិកជិត ៧០០នាក់ក្នុងពេលបច្ចុប្បន្ន។ លោកបានបង្ហាញពីទស្សនៈវិស័យ បេសកកម្ម និងចក្ខុវិស័យយ៉ាងច្បាស់លាស់របស់សមាគមយុវជនក្រុម៨ អមដោយសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល១៤ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ទាំងអស់។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងនូវការកោតសរសើរនូវការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ក្នុងការតស៊ូ លះបង់កម្លាំងកាយចិត្ត ចំណេះដឹង និងធនធានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បម្រើដល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងជូនពរឲ្យបេសកកម្មរបស់ សមាគមយុវជនក្រុម៨ មានភាពជោគជ័យជារៀងរហូត ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមជូនប្រទេសជាតិ។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក សមាគមយុវជនក្រុម៨ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋតាមភូមិឃុំ ក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕