(បន្ទាយមានជ័យ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមដាំថែរក្សា គ្រប់គ្រងធនធានព្រៃឈើ និងការពារមរតកវប្បធម៌ តំបន់ការពារទេសភាពបន្ទាយឆ្មារ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន។
លោក សាយ សំអាល់ បានលើកឡើងបែបនេះ ខណៈលោកនិងក្រុមការងារ បានចុះពិនិត្យស្ថានភាព តំបន់ការពារទេសភាពបន្ទាយឆ្មារ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្រៅពីការចុះត្រួតពិនិត្យនេះលោក សាយ សំអាល់ និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ត្រពាំងធ្លក ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ព្រះសង្ឃ លោកស្រីឧកញ៉ា ម៉ៅ ម៉ាឡៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកថ្មពួក កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនខេត្ត យុវជនកាយរិទ្ធិ ប្រជាសហគមន៍ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ទៀត៕