(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤បាន អញ្ជើញបិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន២៨២នាក់ ស្រី១៧២នាក់ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ (៨១នាក់ ស្រី៥១នាក់) និងទីស្នាក់ការគណបក្សក្រុងព្រៃវែង (២០១នាក់ ស្រី១២១នាក់)។
ឆ្លៀតក្នុងឱកាសនេះ លោក សួន សុម៉ាលីន បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្ស ក្រុង ស្រុក ដល់ថ្នាក់ដឹកនាំយុវជនគណបក្សស្រុក សមាជិក សមាជិកាបក្សថ្មី និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។
លោកបានបន្តថា ក្រៅពីថ្នាក់ដឹកនាំខាងលើយើងទាំងអស់គ្នាក៏ចងចាំមិនភ្លេចនូវសម្តេចទាំងបី គឺសម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
បន្ថែមលើនេះ លោក សួន សុម៉ាលីន ក៏បានដាស់តឿនសតិអារម្មណ៍ដល់យុវជនដែលជាសមាជិកគណបក្សថ្មីទាំងអស់ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលខេត្តចំនួន៤ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងមិនត្រូវជឿលើការញុះញង់ ការអូសទាញរបស់ក្រុមជនអគតិដែលស្រេកឃ្លានអំណាច និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងឡើយ។
សូមបញ្ជាក់ថា សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមានលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន៤០០រូប៕