(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី   ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិនក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទំាងពីរសម្រាប់បម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។  

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលចំណងមិត្តភាពជាប្រជាពៃណី មិត្តភាពដែកថែបកម្ពុជា-ចិន មានការរីកចម្រើនកាន់តែខ្លំាងក្លា ហើយកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយ មិនធ្លាប់មានពីមុនមក ដែលបាននិងកំពុង រួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទំាងពីរ និងអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី ទៅកាន់ប្រទេសចិននាពេលនេះគឺស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ហើយរំពឹងថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេស រវាងសភាប្រទេសទំាងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

តាមគម្រោងនៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗ នៃសាធារណរដ្ឋប្រជាមានិតចិន ទំាងស្ថាប័ននីតិប្បញ្ញត្តិ  និងនីតិប្រតិបត្តិ។ នៅក្នុងនោះដែរ សម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ សមភាគីចិន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ(កម្ពុជា-ចិន) រួមនឹងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា នៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេ ខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរនៅ គ្រប់កម្រិត ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។

ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ បន្តទៀត។

នៅទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហួង លីស៊ីន (Huang Lixin) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនក្រុងសៀងហៃ និងទស្សនាតំបន់ឧស្សាហកម្មក្រុងសៀងហៃ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាលទ្ធភាពដ៏សំខាន់នៅក្នុងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង កាន់តែសម្បូរបែបថែមទៀត។

ចំណែក សមាជិកគណៈប្រតិភូផ្សេងទៀត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយសមភាគីចិន នៅក្នុងនោះមានជំនួបពិភាក្សាការងារកម្រិតក្រុមមិត្តភាពសភាប្រទេសទំាងពីរ ជំនួបពិភាក្សាការងាររវាងគណៈកម្មការសភាទទួលបន្ទុកកិច្ចការបរទេស និងជំនួបពិភាក្សាការងារក្នុងកម្រិតអគ្គលេខាធិការដ្ឋានសភាជាដើម។

សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៤ ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសនៅក្នុងរយៈពេល១ឆ្នាំនៃដើមអាណត្តិរដ្ឋសភានីតិកាលទី៧។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារំាង។ នៅដើមនីតិកាលទី៧ នេះ រដ្ឋសភាកម្ពុជា បានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។

ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព ដល់តំបន់និងពិភពលោកក្នុងបរិបទ កំពុងប្រឈមការប្រែប្រួលមិនទៀងទាត់និងឆាប់រហ័សការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម។ល។ ៕