(ត្បូងឃ្មុំ)៖ ថ្នាលបណ្តុះកូនឈើទី១ ត្រូវបានសាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា បានសម្ពោធបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើនពោល គឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលចំនួន ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។

លោកបណ្ឌិតអ៊ាង សុផល្លែត បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»

លោកបានលើកឡើងបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឱ្ហបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម៕