(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដា្ឋនខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានអញ្ជើញចូលរួមដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ គណបក្សឃុំ ទីពោ ស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។

ការដាក់សម្ពោធឲ្យប្រើប្រាស់ទី ស្នាក់ការគណបក្សឃុំទីពោ ស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ រៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងសរសើរដោយស្មោះ ចំពោះសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជន។

លោកស្រីបណ្ឌិតបានបានចាត់ទុក ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារទីស្នាក់ការបក្សឃុំទីពោ នាពេលនេះ គឺជាការបង្ហាញពីភាពរឹងមាំនៃគណបក្ស និងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងផងដែរ ដូច្នេះគប្បី ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ច ចំពោះមុខដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាព ក្នុងការដណ្ដើមប្រៀបឈ្នះរបស់បក្ស សម្រាប់ការបោះឆ្នោតខាងមុខៗទៀត។

សូមបញ្ជាក់ថា អគារទីស្នាក់ការថ្មីបក្សឃុំទីពោដែលសម្ពោធ ដាក់ឱ្យប្រើប្រាស់នាពេលនេះមានទទឹង១០ម៉ែត្រ បណ្ដោយ១២ ម៉ែត្រ, និងមានរបងប្រវែង ២០ ម៉ែត្រ និងមានខ្លោងទ្វារទំហំ៥ម៉ែត្រ បន្ទប់ទឹកចំនួន១ខ្នង ២បន្ទប់ ដែលចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បញ្ចប់ការសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ចំណាយថវិកាចំនួនសរុប ២៨,០០០ដុល្លារ កើតចេញពីទឹកចិត្តដ៏ឧត្តុងឧត្តមរបស់លោកមបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដើម្បីជាចំណងដៃប្រវត្តិសាស្ត្រជូនមន្ត្រី ជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ក្នុងឃុំសម្រាប់ប្រើប្រាស់។

ក្នុងនោះផងដែរលោកស្រីបណ្ឌិត ជា សិរី បានថ្លែងអះអាងចំពោះមុខប្រជាជន និងសមាជិក សមាជិកាគណបក្សប្រជាជន ក្នុងឃុំទីពោថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺមិនមានការខាតបង់ប្រយោជន៍នានា ជាពិសេសទឹកដីដូចការសាធារណជនព្រួយបារម្ភនោះឡើយ។

លោកស្រីបណ្ឌិតបានបន្ដថា តាមពិតទៅគម្រោងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-
វៀតណាមនេះគ្រាន់តែ អនុញ្ញាតឲ្យប្រទេសទាំងបីធ្វើសហប្រតិបត្តិការជាមួយគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿន ការអភិវឌ្ឍ ដោយប្រទេសនីមួយៗគ្រប់គ្រងតែទឹកដីរបស់ខ្លួនឯងប៉ុណ្ណោះ មិនមានការបាត់បង់ ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួន ពីអ្នកវិភាគគ្មានមូលដ្ឋាននោះទេ ព្រោះទឹកដីកម្ពុជានៅតែជារបស់កម្ពុជា។

លោកស្រីបណ្ឌិតបានបន្ដថា ម្យ៉ាងទៀតម្រោងនេះ នឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលជួយលើកស្ទួយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋរចនាសម្ព័ន្ធ រួមទាំងវិស័យ ផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។

លោកស្រីបណ្ឌិត ជា សិរីបាន អំពាវនាវដល់បងប្អូនប្រជាជន ក៏ដូចសាធារណជនសុំកុំស្តាប់ និងជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ហើយត្រូវចេះរួបរួម សាមគ្គីគ្នា ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលមានសម្តេចតេជោ ជាអគ្គស្ថាបនិកដ៏ឆ្នើម និងក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី៕