(រតនគិរី)៖ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ច បង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ស្ថិតក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នៅក្នុងឱកាសនេះ លោកនិងក្រុមការងាររាជរដ្ឋាភិបាល បានអញ្ជើញទស្សនា បង្គោលព្រំដែន លេខ២៩/៣,២៩/៤ និងបង្គោលលេខ៣០ ដោយលោកបានសម្តែងនូវការសប្បាយរីករាយ នៅពេលចុះមកបានឃើញដោយផ្ទាល់ នូវបង្គោលព្រំដែនដ៏រឹងមាំដែលជាតឹកតាងការពារបូរណភាពទឹកដីរបស់កម្ពុជា។
លោកបន្តថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ត្រូវរាជរដ្ឋាភិបាលផ្អែកលើផែនទីជាមូលដ្ឋាន គឺផែនទីបួនខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន បារាំង ហើយយើងបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងឈរមូលដ្ឋាននិយាមការ ដែលបានកំណត់ និងបរិយាយលម្អិត នៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា។
លោកបន្ដថា មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិត ដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀង សូម្បីតែមួយមិល្លីម៉ែត្រឡើយ។ ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច៕
សូមស្តាប់វីដេអូនៃការលើកឡើង របស់លោក ជៀង អំ៖