(ភ្នំពេញ)៖ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ បានថ្លែងជំរុញឲ្យសមាជិកទាំងអស់រួមគ្នា ដើម្បីពង្រឹងវិស័យទេសចរណ៍ កាន់តែមានការរីកចម្រើនឡើង។

បើតាមលោកស្រីឧកញ៉ា កន្លងមកអ្នកប្រកបរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ធ្វើការងារបានល្អហើយ ប៉ុន្តែការងាររបស់ពួកគាត់នៅជាលក្ខណៈឯកឯង។ ហេតុនេះហើយ ដើម្បីឲ្យវិស័យទេសចរណ៍កម្ពុជា មានសន្ទុះខ្លាំង លោកស្រីស្នើឲ្យប្តូរទម្លាប់ពីការប្រកួតប្រជែង មកជាការរួបរួមគ្នាវិញ។

លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ថ្លែងបែបនេះ ក្នុងឱកាសប្រកាសទទួលស្គាល់ប្រធានប្រតិបត្តិវិស័យ ទីប្រឹក្សាបច្ចេកទេស អនុប្រធាន និងសមាជិកវិស័យ អាជីវកម្មទេសចរណ៍ និងចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា រវាងវិស័យ​ឯកជន និងសមាគម នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅឯ Gather Grounds Coffee and Eatery Sensok Branch ។

លោកស្រីឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ការណ៍ពិត យើងទាំងអស់គ្នាធ្វើការបានច្រើនមែនទែន គ្រាន់តែថា យើងធ្វើរៀងៗខ្លួន មិនប្រមូលផ្តុំគ្នា អីចឹងអាជីវកម្ម ក៏មិនសូវមានការពង្រឹង និងពង្រីកបានដែរ។ អីចឹង នេះជាឱកាសមួយ យើងជួបជុំគ្នា ដើម្បីធ្វើយ៉ាងម៉េច រកការរួបរួមបញ្ចូលគ្នា [...]។ ការជួបជុំយើងថ្ងៃនេះ ជាពិសេសវិស័យអាជីវកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលយើងបានទទួលស្គាល់សមាសភាព ធ្វើយ៉ាងម៉េចខិតខំប្រឹងប្រែង កៀរគរ [ឲ្យក្លាយជាសមាជិក] សេវាកម្មទេសចរណ៍នេះ ឲ្យបានកាន់តែច្រើនផងដែរ ត្បិតឆ្នាំ២០២៤នេះ ជាយុគសម័យទេសចរណ៍ និង AI ។ អីចឹង វាត្រូវនឹងវិស័យរបស់យើង ដែលត្រូវតែរួមគ្នា»

លោកស្រី បានបន្តថា គ្រប់សមាជិក ប្រៀបដូចជាផ្នែកនៃអគារមួយ ដែលរួមមាន ខ្សាច់ ស៉ីម៉ង់ និងគ្រឿងសំណង់ផ្សេង ហើយដើម្បីសង់អគារដ៏ខ្ពស់មួយបាន វាទាមទារឲ្យមានសម្ភារៈទាំងនោះជាចាំបាច់។ ដូចគ្នាដែរ ដើម្បីឲ្យវិស័យទេសចរណ៍រីកចម្រើនខ្លាំង ទាល់តែខំរួមគ្នាអភិវឌ្ឍវិស័យនេះ។

សូមជម្រាបថា បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេស ៥,៤៥លាននាក់ កើនឡើង ១៣៩,៥ភាគរយ ធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ដែលរកបានពីវិស័យទេសចរណ៍ គឺប្រមាណ ៣,០៤ពាន់លានដុល្លារ កើនឡើង ១១៥ភាគរយ ពីចំនួន ១,៤១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ យោងតាមរបាយការណ៍ ជាមធ្យមអ្នកទេសចរបរទេសស្នាក់នៅប្រទេសកម្ពុជា ចំនួនយ៉ាងតិច ៧ថ្ងៃ៕