(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងក្រុមគ្រួសារ អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធខ្លោងទ្វារចំនួន២ និងសមិទ្ធផលនានាមួយចំនួនទៀតនៅវត្តពោធិវង្សហត្ថី ស្ថិតក្នុងឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្សហត្ថី បានមានសង្ឃដីកាថា ខ្លោងទ្វារទាំងពីរនៅទិសទក្សិណ និងទិសបច្ចិម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង៥២,០០០ដុល្លារ ដែលជាការរួមចំណែករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ព្រមទាំងសហការីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ប៉ិច សុខា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោកស្រី ដែលបានរួមចំណែកជាមួយព្រះសង្ឃគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដំណើរការសាងសង់ឡើង រួចរាល់ជាស្ថាពរនាពេលថ្មីៗកន្លងទៅនេះ ព្រមទាំងសមិទ្ធផលមួយចំនួនទៀត ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះតេជគណ ចែម មុនី្នចិន្តា រួមជាមួយគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាម ដែលមានវ័យចំណាស់នេះ ដូចជាព្រះវិហារ រូបសំណាកផ្សេងៗ សួនសម្រាប់កំសាន្ត និងខ្លោងទ្វារថ្មីចំនួនពីរ ដែលត្រូវបានដាក់សម្ពោធហើយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ទុកជាសម្បត្តិគរុភណ្ឌវត្ត ក្នុងវិស័យព្រះពុទ្ធសាសនា សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនរុងរឿងគួរជាទីមោទនៈ ក្នុងនោះផ្នែកវិស័យព្រះពុទ្ធសាសនា បច្ចុប្បន្នយើងមានវត្តជាង៥ពាន់វត្ត និងមានព្រះសង្ឃគង់នៅជាង ៧ម៉ឺនអង្គ ដែលជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទ គោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនា ខុសប្លែកពីសម័យប៉ុលពត អៀងសារី ខៀវសំផន ព្រះសង្ឃត្រូវពួកវាចាប់ផ្សឹកបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ វត្តអារាមក្លាយទៅជាកន្លែងឃ្លាំងជី ឬជាទីកន្លែងសម្រាប់ឃុំឃាំងនិងសម្លាប់មនុស្ស ដែលគ្មានកំហុសយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ។
នៅក្នុងពិធីកាត់ខ្សែបូរសម្ពោធខ្លោងទ្វារវត្តចំនួនពីរ និងសមិទ្ធផលនានានៅក្នុងវត្តពោធិវង្សហត្ថីនៅថ្ងៃនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យចំនួនជិត ២,០០០ដុល្លារបន្ថែមទៀត សម្រាប់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមនេះ៕