(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការថ្ងៃដំបូងដំណើរទស្សនកិច្ច ទៅកាន់ខេត្តស្ទឹងត្រែងដើម្បីស្វែងយល់អំពីសារៈសំខាន់នៃតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំលោកពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកដល់ទីតាំងនេះ ថាយើងមានការជឿជាក់ទៅលើសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមនូវការងារ អ្វីដែលយើងហៅថកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណហើយយើងជឿជាក់លើសម្ដេចមហាបវរធិបតី ក្នុងការដឹកនាំបន្តនូវកិច្ចការមួយនេះហើយអ្វីដែលសំខាន់គឺយើងជឿជាក់លើខ្លួនឯង។

លោកបន្តថា ថ្ងៃនេះខ្ញុំបានដឹកនាំនូវអភិបាលរងបងប្អូន មន្ត្រីរាជការ ទាំងអស់របស់ខេត្តកំពង់ធំជាង ១០០ នាក់មកដល់ទីតាំងជាក់ស្ដែងនៅខេត្តស្ទឹងត្រែងនេះ យើងបានសិក្សានិងស្វែងយល់នូវ ៣ ចំណុចសំខាន់ៗ៖

ទី១៖ យើងបានពិនិត្យមើលនិងកម្សាន្តនៅស្ទឹងត្រែងហើយយើងបានទៅមើលនៅទំនប់វារីអគ្គិសនីសេសានពីរនេះជាការងារដែលបង្ហាញពីការអភិវឌ្ឍរបស់ខេត្ត ដែលយើងឃើញមានផែនអភិវឌ្ឍល្អជាពិសេស គម្រោងវារីអគ្គិសនីសេសានពីរ ជាគម្រោងមួយដែលមានសារសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងនេះជាចំណុចមួយ ដែលយើងបានឃើញដោយផ្ទាល់ភ្នែក។

ទី២៖ គឺយើងបានពិនិត្យមើលនូវអ្វីដែលជាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុងស្ទឹងត្រែងនិងតាមបណ្ដាស្រុកផ្សេងៗ របស់ខេត្តដោយឃើញថាបងប្អូនបាន និងកំពុងតែបន្តប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ដោយក្ដីសប្បាយរីករាយ ក្រោមដំបូលនៃសុខសន្តិភាព ដែលយើងកំពុងមាននាពេលបច្ចុប្បន្ន។

ទី៣៖ ជាក់ស្តែងយើងបានដើរមើល និងពិនិត្យមើលនៅបន្ទាត់ព្រំដែន តាមផ្លូវក្រវាត់ព្រំដែន មើលបង្គោលលេខ ៣៥, ៣៤ ,៣៤មួយ មើលបង្គោលគោល បង្គោលបំពេញបន្ថែម ហើយនិងបង្គោលដែលនៅសល់តាំងពីជំនាន់សម័យអនានិគមបារាំង ដែលចំណុចនេះគឺជាចំណុចសំខាន់ឆ្លុះបញ្ចាំងអ្វីដែលជាព្រំដែនកម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា វានៅតែជារបស់កម្ពុជា និងត្រូវបានគោរព និងត្រូវបានការពារយ៉ាងហ្មត់ចត់ពីសំណាក់ថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋានផងដែរ ហើយនិងពូៗ បងៗ ដែលជាកងយុទ្ធពលខេមរៈភូមិន្ទ ដែលនៅតាមបន្ទាត់ព្រំដែននេះហើយអ្វីដែលសំខាន់ សម្រាប់បងប្អូន ដែលលើកឡើងថ្មីៗ នេះ អំពីការព្រួយបារម្ភការបាត់បង់ព្រំដែន ការបាត់បង់ទឹកដី កើតចេញពីការសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។

លោកបញ្ជាក់ថាលោកគ្មានអ្វីក្រៅពីការឆ្លើយតបនិងសំណូមពរឱ្យបងប្អូនមកទស្សនាដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែន នៅខេត្តស្ទឹងត្រែង និងតាមបណ្តាខេត្តផ្សេងៗ ទៀត នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដើម្បីមើលឃើញច្បាស់នឹងភ្នែក ជឿជាក់លើខ្លួនឯង ថាអ្វីដែលយើងកំពុងតែមាន ហើយនិងអ្វីដែលយើងត្រូវបន្តថែរក្សា ការពារ ក្រោមដំបូលនៃសុខសន្តិភាពដែលយើងមានហើយ។

លោកបន្តថាលោកអាចនឹងគ្រោងទៅបណ្ដាខេត្តផ្សេងៗទៀត ដោយអាស្រ័យលើបងប្អូនទាំងអស់គ្នា ដែលយើងកំពុងពិភាក្សាគ្នា ថាយើងត្រូវជ្រើសរើសទិសដៅណា ខេត្តណាបន្ទាប់ទៀត សម្រាប់ដំណើរទស្សនកិច្ចរបស់យើងពីព្រោះមិនត្រឹមតែការស្វែងយល់នៅតាមជាក់ស្តែងប៉ុន្តែជាដំណើរកម្សាន្តមួយដ៏ល្អដើម្បីពង្រឹងនៅសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីរបស់រដ្ឋបាលខេត្តយើងផង ហើយនិងជាមួយនឹងបងប្អូនប្រជាពលរដ្ឋយើងផង។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា យើងត្រូវជឿជាក់លើសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលលោកខិតខំប្រឹងប្រែងណាស់ក្នុងការបម្រើប្រជាជននិងប្រទេសជាតិ។ ដូច្នេះសូមបន្តជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចទាំងទ្វេ ហើយនិងបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកសាង អភិវឌ្ឍកម្ពុជារហូតមកដល់បច្ចុប្បន្ន។

លោកក៏សូមអំពាវនាវឱ្យមានការជឿជាក់លើខ្លួនឯងប្រាកដប្រជានូវលើអ្វីដែលយើងគិត យើងត្រូវមកដល់ទីតាំងជាក់ស្ដែង ពិនិត្យមើលជាក់ស្ដែង ដើម្បីឃើញច្បាស់នឹងភ្នែក នូវអ្វីដែលជាការពិត ជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនរបស់យើងនេះជាអ្វីដែលលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដើម្បីកុំឱ្យមានភាពចលាចល ឬបញ្ហាណាមួយ ដែលឈានទៅរកអស្ថិរភាពនៅក្នុងសង្គមជាតិរបស់យើង៕

https://image.freshnewsasia.com/2021/id-132/fn-2024-09-08-15-59-05-0.JPG