(ស្ទឹងត្រែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តស្ទឹងត្រែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវនិងស្ពានមួយចំនួន នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ខ្សែទី១៖ ជាប្រភេទផ្លូវក្រាលបេតុងប្រវែង ៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិអូត្រែល ឆ្លងកាត់ភូមិកាំងតេជោ ភូមិថាឡាបរិវ៉ាត់ ឃុំថារាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ ផ្លូវនេះមានលូមូល ១៦កន្លែង លូប្រអប់ ២កន្លែង និងមានស្ពានបេតុង ២កន្លែង (ស្ពានទី១ប្រវែង ៣០ម៉ែត្រ និងស្ពានទី២ប្រវែង ៩០ម៉ែត្រ)។ ផ្លូវមួយខ្សែនេះមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលអាចជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវឲ្យកាន់តែប្រសើរឡើង។

ខ្សែទី២៖ ជាប្រភេទផ្លូវបេតុងមានប្រវែង ១៦ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តភ្ជាប់ពីភូមិកាំងមេម៉ាយ ឃុំកោះសំពាយ ទៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ទៅភូមិកោះសំពាយ ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក។ នៅលើកំណាត់ផ្លូវនេះមានលូមូលចំនួន ៣១កន្លែង លូប្រអប់ ៧កន្លែង និងមានស្ពានបេតុងចំនួន ៩កន្លែង។ ផ្លូវទាំងពីរខ្សែខាងលើនេះ ជាផែនការរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហានទី១។

ខ្សែទី៣៖ មានប្រវែងសរុប ១៥,៧៥គីឡូម៉ែត្រ ក្នុងនោះផ្លួវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,៨២គីឡូម៉ែត្រ និងផ្លូវក្រាលបេតុង មានប្រវែង ៣,៩៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក។ នៅលើកំណាត់ផ្លូវនេះ មានលូមូលចំនួន ២២កន្លែង លូប្រអប់ចំនួន ២កន្លែង លូអ៊ុយ ៥៣៤ម៉ែត្រ និងស្ពានបេតុងចំនួន ២កន្លែង ប្រវែងសរុប៥០ម៉ែត្រ។ ជាលទ្ធផលសម្រេចបាន ៣០% ។ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ ពាណិជ្ជូបណីយកកម្មកសិកកម្ម។

ខ្សែទី៤ ជាប្រភេទផ្លូវល្បាយក្រួស មានប្រវែង ៥,៥៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ នៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក មានលូមូលចំនួន ១៣កន្លែង ស្លាកសញ្ញាចរាចរ ២៤កន្លែង បង្គោលសុវត្ថិភាពចរាចរ បានចំនួន ៣២បង្គោល។

ខ្សែទី៥៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជានប្រភេទ DBST មានប្រវែង ១៥គីឡូម៉ែត្រ សហការស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិអូរប្ញស្សីកណ្ដាល ឃុំអូរប្ញស្សីកណ្ដាល ឆ្ពោះទៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានអញ្ជើជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅឃុំកោះសំពាយ ឃុំស្រែក្រសាំង និងនៅសហគមន៍កសិកម្ម អ៊ុំឃួងរុងរឿងស្ថិតក្នុងឃុំស្រែក្រសាំងផងដែ។ ក្នុងឱកាសនោះ លោកជម្រាបជួនពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បណ្ដាញគមនាគមន៍ជនបទ រួមមានផ្លូវ ស្ពាន ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល និងទៅទទួលយកសេវាសាធារណៈ រួមមានមន្ទីពេទ្យ វត្តអារាម សាលារៀន និងសេវាផ្សេងៗទៀត សំដៅកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រីក៏បានធ្វើការថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួយសហការអភិវឌ្ឍន៍ផ្លូវជនបទមួយខ្សែ ដោយធ្វើការលើកកម្រិតផ្លូវពីដីក្រហម ទៅជាផ្លូវកៅស៊ូពីជាន់ DBST ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូកផងដែរ ក្រោមឆ័ត្ររួមនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕