(ចិន)៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី និងការកសាងនូវសហគមន៍អនាគតរួមគ្នា នៃអង្គការសហ ប្រតិបត្តិការសៀងហៃ។ បញ្ហាដែលនឹងត្រូវពិភាក្សាក្នុងវេទិកាលើកនេះ គឺការផ្តល់សិទ្ធិអំណាចផ្នែកឌីជីថល និង សេដ្ឋកិច្ចដល់ស្ត្រី, ការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ និងយុទ្ធសាស្ត្រ ក្នុងការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីតាមរយៈឌីជីថលភាវូបនីយកម្ម។
សូមជម្រាបថា អង្គការសហប្រតិបត្តិការសៀងហៃ គឺជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលអចិន្ត្រៃយ៍ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន អង្គការនេះ មានសមាជិកមានចំនួន ១០ប្រទេស គឺ ចិន, រុស្ស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ប៉ាគីស្ថាន, តាហ្ស៊ី គីស្ថាន, អ៊ូសបេគីស្ថាន, ឥណ្ឌា, អ៊ីរ៉ង់ និងបេឡារុស។
ប្រទេសសង្កេតការណ៍មានចំនួន០២គឺ អាហ្វហ្គានីស្ថាន និងម៉ុងហ្គោលី ព្រមទាំងប្រទេសជាដៃគូសន្ទនាមានចំនួន១៤ប្រទេស ដែលក្នុងនោះមានព្រះរាជាណាចក្រកម្ពុ ជាផងដែរ។
អង្គការសហប្រតិបត្តិការសៀងហៃ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងការជឿ ទុកចិត្តគ្នាទៅវិញទៅមក មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរដ្ឋជាសមាជិក, ជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋជាសមាជិក ក្នុងវិស័យនយោបាយពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា, វប្បធម៌, ការអប់រំ, ថាមពល, ការដឹកជញ្ជូន, ទេសចរណ៍, ការការពារបរិស្ថាន និងរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ និងសមហេតុផល។
ទន្ទឹមនឹងដំណើរនៃការអញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ការចូលរួមវេទិកាលើកនេះ ក៏ជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែម រវាងប្រទេសចិននិងកម្ពុជា ក្នុងការអនុវត្តផែនការ សកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី៕