(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យតាមបែបព្រះពុទ្ធសាសនា ធ្វើទៅតាមប្រពៃណីទំនាមទំលាប់របស់ពុទ្ធសាសនិក ខ្មែរយើងក្នុងមួយឆ្នាំមានម្ដង តែមានរយៈពេលរហូតដល់ទៅ១៥ថ្ងៃ រួមមានបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃ និងបុណ្យភ្ជុំធំនៅថ្ងៃទី១៥ ដែលជាថ្ងៃបង្ហើយ ហើយក៏ត្រូវបានគេចាត់ទុកថា ជាបុណ្យតាមបែបព្រះពុទ្ធសាសនាមានរយៈពេលវែង។
ក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌ ពុទ្ធសាសនិកទាំងប្រុស ស្រី ក្មេងចាស់តែងតែនាំគ្នាធ្វើចង្ហាន់មាន បាយ សម្ល នំចំណី បង្អែមចង្អាប រួមទាំងទេយ្យវត្ថុ ទេយ្យទានយកទៅកាន់ទីអារាមនានាតាមតែចិត្តខ្លួនចង់ទៅ ជាពិសេសទីអារាមនៅតាមស្រុកកំណើតរៀងៗខ្លួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងបញ្ជូនបុណ្យកុសល ទៅដល់ញាតិកាលទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ក្រៅពីនេះពុទ្ធបរិស័ទក៏បានជូនបាយសម្ល នំចំណី បច្ច័យទៅដល់អ្នកមានគុណរួមមានឪពុកម្ដាយជីដូនជីតា ញាតិកាលរបស់ខ្លួន... ជាការដឹងគុណទៀតផង។ ប៉ុន្តែទំលាប់ពុទ្ធបរិស័តខ្មែរយើងភាគច្រើន ត្រូវបានគេសង្កេតឃើញថា ចូលចិត្តទៅតែទីអារាមជិតៗ ទីអារាមនៅតាមផ្លូវជាតិ ទីអារាមនៅតាមទីប្រជុំជន ឬទីអារាមល្អៗពពាក់ពពូនគ្នាធ្វើឲ្យទីអារាមទាំងអស់នោះ ដែលគេចាត់ទុកថា សំបូរហូហៀរួចទៅហើយកាន់តែសំបូរហូហៀឡើង។
ចំណែកទីអារាមនៅតាមស្រុកស្រែជនបទចុងកាត់មាត់ញកវិញ ដោយយោងនៅឆ្ងាយ ផ្លូវពិបាកធ្វើដំណើរ ពួកគាត់ក៏រំលងហួសបាត់ទៅ ធ្វើឲ្យទីអារាមនោះដែលអាត់ខាត់ស្រាប់ កាន់តែអាត់ខាត់ទៅ ត្រូវនឹងពុទ្ធបរិស័ទចំណុះជើងវត្តមិនសូវធូរធាផង ថ្ងៃដាក់បិណ្ឌខ្លះស្ទើតែរកចង្ហាន់ប្រគេន ព្រះសង្ឃមិនចង់បាន។
ករណីនេះ ពុទ្ធបរិស័ទទាំងឡាយ គួរតែមានការចាប់អារម្មណ៏ និងនាំគ្នាកែទម្លាប់បន្តិច បើទោះបីពេលខ្លះឮពុទ្ធបរិស័ទភាគច្រើនតែងតែនាំគ្នានិយាយថា ទៅដាក់បិណ្ឌឆ្នាំនេះ គួរទៅរកវត្តណាដែលអាត់ខាត់ចង្ហាន់ ជាពិសេសវត្តនៅឆ្ងាយៗ តែជាក់ស្ដែងភាគច្រើនបានត្រឹមនិយាយប៉ុណ្ណោះ ទំលាប់ទៅកាន់វត្តនៅស្រុកកំណើត ដែលមានៗ ទៅកាន់វត្តអារាមដែលនៅជិតៗ ងាយស្រួលទៅគឺនៅតែដដែល ធ្វើអោយទីអារាមខ្លះសំបូរហូហៀ ពោពាសរហូតចង្ហាន់បាយ សម្លសល់ចាក់ចោល និងវត្តខ្លះស្ទើតែរកចង្ហាន់ប្រគេនព្រះសង្ឃមិនចង់បានដដែល។
ដោយយោងតាមពុទ្ធឱវាទ និងជំនឿរបស់ពុទ្ធបរិស័ទខ្មែរយើង ពេលបុណ្យភ្ជុំបិណ្ឌត្រូវធ្វើចង្ហាន់រួមមានបាយ សម្ល បង្អែមចង្អាបទៅវត្តប្រគេនព្រះសង្ឃ ទើបបានផលអនិសង្ឃដល់សាច់ញាតិបងប្អូនដែលបានចែកឋានទៅកាន់បរិលោកនោះ ធ្វើអោយពុទ្ធបរិស័ទ ជាទូទៅនាំគ្នាសម្រុកធ្វើតែបាយ សម្ល នំចំណីយក ទៅវត្តនៅថ្ងៃកាន់បិណ្ឌ ជាពិសេសថ្ងៃភ្ជុំបិណ្ឌគ្មានចន្លោះមួយផ្ទះណាឡើយ រហូតធ្វើឲ្យបាយសម្លទាំងអស់នោះសំបូរពោពាសពេញសាលាឆាន់ មើលទៅស្ទើរ តែដូចយកទៅចាក់ចោល ព្រោះចាក់លាយឡំចូលគ្នាដែលខ្មែរយើងជាទូទៅច្រើននាំគ្នានិយមហៅថា បាយបិណ្ឌជាបាយបាត ពិបាកក្នុងការចែករំលែកយកទៅ ទទួលទានបន្ត ហើយចុងក្រោយបាយ សម្លទាំងអស់នោះខូច ទទួលទានលែងកើតក៏ចាក់ចោលតែម្ដងទៅ ដែលសភាពសំបូរហូហៀ នៃបាយសម្លនៅតាមទីអារាមនាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កន្លងមកធ្លាប់ត្រូវបានប្រព័ន្ធព័ត៌មានអន្តរជាតិថតរូបភាពយកទៅផ្សព្វផ្សាយវាយប្រហារថាបុណ្យភ្ជុំបិណ្ឌដែលជា បុណ្យប្រពៃណីជាតិ នៅប្រទេសកម្ពុជាគឺជាបុណ្យខ្ជះខ្ជាយជាងគេទៀតផង ខណៈប្រជាជននៅក្រីក្រ តែបាយ សម្ល ដែលគេចំណាយលុយទិញធ្វើអស់លុយជាច្រើន ត្រូវបានគេនាំគ្នាយកទៅចាក់ចោលនៅតាមទីអារាមទៅវិញ។
តាមពិតការធ្វើបុណ្យទានគឺជាទំនាមទំលាប់ ជាសិទ្ធិសេរីភាព និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរយើងដោយមិនមានអ្នកណាធ្វើការហាមឃាត់ ឬដាក់បំរាមត្រូវតែធ្វើអញ្ចេះ ឬធ្វើអញ្ចុះនោះទេ តែពុទ្ធបរិស័តខ្មែរយើងគួរតែនាំគ្នាកែទំលាប់ចោលខ្លះ ដើម្បីឲ្យមានភាពរីកចំរើនដូចទៅតាមបណ្ដាល ប្រទេសជឿនលឿននៅលើពិភពលោក ព្រោះបច្ចុប្បន្ននេះពុទ្ធបរិស័តខ្លះពួកគាត់បានកែទម្លាប់ពីការទៅទូប្រគេន ឬនិមន្តព្រះសង្ឃពីការធ្វើដំណើរទៅដល់វត្តអារាម ក្រាបសំពះនិមន្ត មកជានិមន្តព្រះសង្ឃតាមទូរស័ព្ឌបណ្ដើរៗទៅហើយនោះ។
ទំលាប់ដែលចង់អោយមានការកែប្រែ ឬកាត់បន្ថយនោះរួមមានគឺ
ទី១៖ ពុទ្ធបរិស័ទដែលមានលទ្ធភាព និងមានឱកាស គួរតែនាំគ្នាផ្លាស់ប្ដូរផ្នត់គំនិតពីទៅវត្តដដែលៗ វត្តដែលមានកំរិតជីវភាពធូរធាសំបូរហូហៀ គួរតែនាំគ្នាធ្វើដំណើរទៅកាន់វត្តដែលនៅឆ្ងាយៗ វត្តដែលមិនសូវមានពុទ្ធបរិស័ទធូរធាចូល វត្តដែលពុទ្ធបរិស័តចំណុះជើងវត្តមានជីវភាពខ្វះខាតឲ្យបានច្រើន ដើម្បីជាការចែករំលែកភោគផលដែល យើងបានយកទៅប្រគេនព្រះសង្ឃ ឲ្យបានដល់ទីអារាមក្រក្សត់ខ្លះផង។
ទី២៖ ពុទ្ធបរិស័តគួរតែកាត់បន្ថយពីការធ្វើបាយសម្លយកទៅ ប្រគេនព្រះសង្ឃដោយសំបូរហូហៀ ពោពាស ទៅធ្វើត្រឹមតែជានិម្មិតរូបតិចតួច ហើយបង្វែថវិកាទាំងអស់នោះភាគច្រើនទៅជាប្រគេន បច្ច័យ ឬទិញទេយ្យវត្ថុ ម្ហូប នំចំណីណាដែលអាចទុកបានយូរដូចជាអង្ករ មី ត្រីខកំប៉ុង... ជាដើមយកទៅប្រគេនព្រះសង្ឃជំនួសវិញ ដែលនាំឲ្យកាត់បន្ថយនូវភាពខ្ជះខ្ជាយ ក្នុងការធ្វើបុណ្យទាន ហើយព្រះសង្ឃក៏អាចទុកទេយ្យវត្ថុទាំងអស់នោះ យកទៅចែករំលែកដល់ជនក្រក្សត់ជាបន្តបន្ទាប់ទៀតបានផងដែរ។
នៅប្រទេសជិតខាងយើងដែលគេកាន់ព្រះពុទ្ធសាសនាដូចយើង តែប្រទេសគេមានការរីកចំរើនជាងយើង ដោយយោងទៅលើប្រជាជនគេមមាញឹកនឹងការងារ ដល់រដូវបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌតែម្ដង អ្នកខ្លះអត់ពេលទៅផ្សារទិញម្ហូបយកមកធ្វើបាយសម្លយកទៅវត្តប្រគេនព្រះសង្ឃ គឺនៅតាមទីអារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានរៀបចំធ្វើបាយ សម្ល បង្អែម ចង្អាបនៅនឹងវត្តរួចជាស្រេចតែម្ដង។
ចំណែកពុទ្ធបរិស័ទគេចេញ ពីធ្វើការ ឬចេញពីកន្លែងលក់ដូរ គេនាំកូនចៅទៅតាមទីវត្តអារាមតែម្ដង ហើយដួសបាយ សម្លដែលគណៈកម្មការវត្ត និងព្រះសង្ឃរៀបចំធ្វើទុករួចជាស្រេចនោះ យកទៅរាប់បាតប្រគេនព្រះសង្ឃតិចតួច ប៉ុណ្ណោះគឺរាប់បាតគ្រាន់តែជានិម្មិតរូប មិនខ្ជះខ្ជាយនោះឡើយ ហើយក៏នាំកូនចៅដួសបាយសម្លទាំងនោះយកមកទទួលទានដោយខាងវត្ត គេមានរៀបចំតុកៅអី ទុកទទួលរួចជាស្រេច អ្នកមានលទ្ធភាពខ្លះដែលទំនេរ ហើយចង់ធ្វើបុណ្យសន្សំកុសលទាំងជាមួយព្រះសង្ឃ ទាំងជាមួយពុទ្ធបរិស័ទ គេបានយកទឹកក្រូច ទឹកអំពៅទៅកិន ឬទឹកក្រូចក្លាស្សេចាក់ដាក់កែវដើរចែកអោយពុទ្ធបរិស័ទទទួលទានពេញវត្តតែម្ដង ដោយពុទ្ធបរិស័ទគ្រាន់តែដាក់បច្ច័យប្រគេនព្រះសង្ឃ និងគណៈកម្មការវត្ត សំរាប់ថ្លៃចង្ហាន់ និងអាហារដែលក្រុមគ្រួសារទទួលទាន នៅក្នុងវត្តទៅតាមសទ្ធាគឺជាការស្រេច មិនចាំបាច់ចង្ហាន់មួយស្រាក់ នាំគ្នារវល់អស់មួយ ផ្ទះធ្វើនោះទេ។
ពុទ្ធបរិស័ទខ្មែរ គួរនាំគ្នាធ្វើបុណ្យទានទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនហើយ តែគួរនាំគ្នាកែទម្លាប់ចោលខ្លះ ដើម្បីកុំអោយប្រែក្លាយពិធីបុណ្យទានទៅជាការ ខ្ជះខ្ជាយខ្លាំងពេក ក៏វាមិនសូវល្អប៉ុន្មានដែរ៕
ចង្ហាន់ពោពាសបែបនេះ តើព្រះសង្ឃឆាន់អស់ឬអត់?
ភាពខ្ជះខ្ជាយនៃបាយបិណ្ឌ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
អង្កររាប់តោនត្រូវបានពុទ្ធបរិស័តយកទៅដាំបាយ ហើយយកទៅបោះបាយបិណ្ឌ នៅតាមទីអារាមវេលាទាបភ្លឺ