(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បច្ចុប្ប្ននក្នុងបណ្ដាញសង្គម បើនិយាយអំពីទង្វើលើកទ្បើងរបស់ក្រុមប្រឆាំងនិងគូកនអ្នកលេង Facebook ខ្លះពីក្រៅប្រទេស ដែលតែងប្រើវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ បំប៉ោងសភាពការណ៌ដោយស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងពោរពេញដោយអំនួតក្អេងក្អាងដូចទឹកកន្លះក្អម ថាតំបន់អភិវឌ្ឍត្រីកោណ CLV-DTA រួមមានខេត្ដចំនួនបួនគឺខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះនិងខេត្ដស្ទឹងត្រែងរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ១០០ឆ្នាំខាងមុខជាស្វ័យប្រវត្ដិនោះ គឺជារឿងដ៏ហួសចិត្ដនិងគួរឲ្យអស់សំណើច។
ពីព្រោះបើយើងនិយាយអំពីរយៈពេល ចាប់ពីពេលនេះទៅដល់១០០ឆ្នាំទៀត គឺជារយៈពេលដ៏យូរអង្វែង ដែលជនចេញមុខធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាលនិងអះអាងទាំងនេះ ត្រូវបានស្លាប់ពីរដងនៃអាយុសង្ខាររាល់រូបរបស់ពួកគេ គឺសុទតែជាសំដីចង់បង្ហាញពីភាពអំនួតខែងរ៉ែងក្នុងចេតនាបង្កឲ្យមហាជនមានការភាន់ច្រឡំ ច្របូកច្របល់ ភ័យព្រួយក្នុងការបាត់បង់ទឹកដីជាទីស្រឡាញ់របស់ជាតិខ្លួន គឺជាទង្វើបង្កដល់ការបែកបាក់កម្លាំងសាមគ្គីជាតិតែប៉ុណ្ណោះ ដោយមិនបានឈរលើទស្សនៈនៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដនោះទេ។
ដោយហេតុថា ក្នុងចន្លោះរយៈពេលនោះ ដោយឈរលើទស្សនៈសន្តិភាពជាគ្រឹះ នៃការអភិវឌ្ឍ និងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ គឺការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ឬរវាងកម្ពុជានិងប្រទេសជិតខាងនឹងត្រូវចប់សព្វគ្រប់ជាស្ដាពរ ១០០ភាគរយ។ បន្ថែមពីលើនេះថែមទៀត នៅពេលនោះកំណើននៃវិស័យអភិវឌ្ឍសេដ្ឋកិច្ច និងយោធា ព្រមទាំងវិស័យផ្សេងៗទៀតរបស់កម្ពុជា នឹងមានសន្ទុះរីកចម្រើនខ្លាំងក្លាដល់កំពូលមិនខុសពីអារ្យប្រទេសជឿនលឿននានាលើពិភពលោកនោះទេ។ ហេតុនេះយើងសួរទៅវិញថា តើកូនចៅយើងជំនាន់ក្រោយៗនោះ សុខចិត្ដសុខកាយបណ្តែតបណ្ដោយឲ្យបាត់បង់ទឹកដីរបស់ខ្លួនដ៏ស្រស់បវរទៅឲ្យវៀតណាមទទេៗ ដូចការចោទប្រកាន់និងអះអាងរបស់ក្រុមប្រឆាំងនិងគូកនអ្នកលេង Facebook ប៉ប៉ាច់ប៉ប៉ោច ដូចទឹកកន្លះក្អមដែរឬទេ?
លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះ បើយើងនិយាយអំពីកំណើនធនធានមនុស្សនិងវិស័យផ្សេងៗរបស់កម្ពុជានៅពេលនោះគឺច្បាស់ណាស់! កូនចៅយើងជំនាន់ក្រោយៗនោះ នឹងសុទ្ធតែជាកុលបុត្រ- កុលធីតាឆ្នើមពោរពេញដោយកម្លាំងថាមពលមនសិការ ស្មារតី ស្រទ្បាញ់ជាតិ មាតុភូមិពិតប្រាកដ គឺខេមរជនឆ្នើមរបស់កម្ពុជាយើងនឹងមិនយកគម្រូតាមក្រុមប្រឆាំងនិងគូកនអ្នកលេង Facebook ខ្លះពីក្រៅប្រទេស ដែលនិយាយប្រមាថទៅដល់ជាតិសាសន៍ និងសមត្ថភាពកូនចៅអ្នកដឹកនាំជំនាន់ក្រោយៗនោះឡើយ។
បើពោលឲ្យចំ សូម្បីតែកូនចៅជំនាន់ក្រោយដែលមានឈាមជ័រ ជាប់ពីខ្សែសាច់សាលោហិតជីតាលួត ជីតាលា របស់ពួកគេ ដែលជេរប្រមាថមកលើស្រុកទេសរបស់ខ្លួនមិនចេះហត់នឿយ ហើយបានប្រកាសក្ដែងៗថា នឹងមិនចង់កើតជាខ្មែរ ព្រោះមិនចង់មកចាប់កំណើតក្នុងផ្ទៃរបស់ម្ដាយខ្លួនជាថ្មីទៀត ដោយប្រកាសកាត់កាលចោលដល់ខ្មោចម៉ែឪរបស់ខ្លួនទាំងកំរោល នឹងមិនយកគម្រូតាមជីតាលួត ជីតាលារបស់ខ្លួន ដែលគ្រាន់តែជាជនបញ្ចេញវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចលើបណ្ដាញសង្គម Facebook ទ្បើងបែកពពុះមាត់ឥតបានការនោះទេ។
ហេតុនេះទង្វើរបស់ក្រុមប្រឆាំងនិងគូកនរបស់ពួកគេដែលស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាលនិងអះអាងថា តំបន់អភិវឌ្ឍត្រីកោណ CLV-DTA នឹងត្រូវបាត់បង់ជាស្វ័យប្រវត្ដិនៅពេល១០០ឆ្នាំខាងមុខ គឺគ្រាន់តែជាពាក្យសំដីយកចិត្ដយកថ្លើមទៅដល់យមរាជប្រទេសជិតខាងដើម្បីឲ្យយមរាជប្រទេសនោះ បើកទ្វារនរកឲ្យព្រលឹងខ្លួនបានចាប់កំណើតកើតជាឈាមជ័រប្រទេសជិតខាងជាស្វ័យប្រវត្តិតែប៉ុណ្ណោះ។ ព្រោះខ្លួនបានស្បថដល់យមរាជខ្មែរថា នឹងឈប់កើតជាខ្មែរទៀតហើយដើម្បីបង្ហាញពីភក្តីភាពដ៏ស្មោះត្រង់ដល់យមរាជប្រទេសជិតខាង។
ដូច្នេះចំពោះទង្វើវោហាសាស្រ្ដរបស់ក្រុមប្រឆាំងនិងគូកនទាំងនេះ គឺគ្មានអ្វឺចម្លែកដែលត្រូវពិចារណាទេ ហើយក៏មិនខុសពីក្នុងទស្សនខ្មែរដែលតែងនិយាយលេងសើចថា មនុស្សមានគំនិតជាសត្វត្រដេវវិចដេកភ័យយកជើងទ្រមេឃ ខ្លាចមេឃបាក់រលំសង្កត់មកលើខ្លួននោះឡើយ៕