(ភ្នំពេញ)៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី «បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព» ដែលពិធីនេះត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ។

គោលបំណងនៃកម្មវិធីនេះ គឺចង់ឲ្យសិក្ខាកាម ដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគមកាយឫទ្ធិនារីកម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឲ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។

ក្នុងឱកាសនោះដែរ លោកស្រី ជា ស៊ីណា ឃួង ស្រេង បានលើកឡើងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹកគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ «កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា» ។

លោកស្រីបន្តថា ការរៀបចំកម្មវិធីអប់រំ ស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះ មានគោលបំណង បញ្ជាបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែម ពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗ ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំឲ្យអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។

ជាការពិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននិងកំពុងរីករាលដាល ក្នុងចំណោមយុវវ័យនៃបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។

លោកស្រីបន្តថា ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬអូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងទោសពន្ធនាគារថែមទៀតផង។

លោកស្រីបានសូមក្មួយៗនាំយកនូវព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីយើងរួមគ្នា ឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។ ត្រូវរួមគ្នាឃាត់ទុក ឬរាយការណ៍ ប្រសិនបើយើងបានឃើញការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិច តាមគ្រប់រូបភាព ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕