Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលស្រូវពូជទិន្នផល ៧.៥តោនក្នុង១ហិកតា ក្នុងខេត្តព្រៃវែង

08-09-2024 14:06

(ព្រៃវែង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងសហការី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវពូជ ( OM ,54,51) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងដំណើរពិនិត្យមើលនេះដែរ លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជសាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។

ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការប្រមូលផលស្រូវពូជ (OM,54,51) ដោយកសិករទទួលបានទិន្នផល ៧.៥តោន ក្នុង១ហិកតា ហើយបើទូទាត់ការចំណាយ រួចអាចសល់បានចន្លោះពី៥លានរៀលទៅ៦លានរៀលក្នុង១ ហិកតា។

បច្ចុប្បន្ននេះ តម្លៃស្រូវកសិករលក់នៅវាលស្រែនៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរអាចលក់បានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម និងលក់ឲ្យរោងម៉ាស៊ីនបានតម្លៃ ១០៣០រៀល ទៅ១០៥០រៀល ក្នុង១គីឡូក្រាម ទៅតាមគុណភាពស្រូវ។

ឥឡូវនេះ រោងម៉ាស៊ីនកិនស្រូវខាងលើ កំពុងតែប្រមូលទិញស្រូវពីប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តព្រៃវែង មានប្រភេទស្រូវ (OM 54, 51) ហើយរោងម៉ាស៊ីន ក៏បានបន្តជំរុញការដាំដុះស្រូវសែនក្រអូប ឲ្យបានច្រើនផងដែរ ព្រោះកំពុងមានតម្រូវការទីផ្សារខ្លាំង៕