(ចិន)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលទានអាហារ និងពិភាក្សាការងារជាមួយលោក Wei Keliang ប្រធានគណៈកម្មាធិការទីក្រុងសៀមិន នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន។
ក្នុងកិច្ចពិភាក្សាការងារនោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋបាលទីក្រុងសៀមិន និងវិនិយោគិនកម្ពុជា និងចិនជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះមិនត្រឹមតែមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងាររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរ បានរៀបចំការផ្គូរផ្គងវិស័យឯកជនដែលមកពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនចិន ដើម្បីស្វែងយល់ពីគ្នាលើកិច្ចការងារវិនិយោគផងដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោកប្រធានគណៈកម្មាធិការទីក្រុងសៀមិន ធ្លាប់បានអញ្ជើញដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ម្ដងរួចមកហើយនៅរាជធានីភ្នំពេញ។ ជំនួបពិភាក្សាពេលនោះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមស្មារតីពង្រីកកិច្ចសហការរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗរវាងគ្នា ការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ផងដែរ៕