(រតនគិរី)៖ ប្រជាពលរដ្ឋស្រុកវ៉ើនសៃ ចំនួន១៥នាក់ បានពុលអាហារ ខណៈក្រុមគ្រូពេទ្យដាក់ការសង្ស័យ អាចបណ្តាលមកពីហូបភ្លាសាច់គោ។ ករណីប្រជាពលរដ្ឋពុលអាហារនេះ កើតឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទីយប់ ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។
យោងតាមរបាយការណ៍បឋម របស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖០០ថ្ងៃត្រង់ ពួកគាត់ (ជនរងគ្រោះ) បានកំដរបុណ្យសព អ្នកភូមិខាងលើ ដោយធ្វើសាច់គោ (ភ្លាឆៅសាច់គោ) ដើម្បីបរិភោគ។
លុះដល់ម៉ោងប្រហែល១៦៖០០រសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាក ក្អូត និងឈឺក្បាល រួចក៏ចូលមកសម្រាកនៅ មណ្ឌលសុខភាពភ្នំកុកចំនួន៥នាក់ មណ្ឌលសុខភាពអូរជុំចំនួន៥នាក់ និងនៅក្នុងភូមិ៥នាក់។
តាមរយៈការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោកគ្រូពេទ្យជា សានិតប្រធានមន្ទីរសុខាភិបាល សហការជាមួយ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុទាំងយប់ នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុ និងជួបសម្ភាសជាមួយអ្នកជំងឺ។
ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារ ដែលនៅសេះសល់ពីការបរិភោគរបស់ អ្នកជំងឺករណីនៅសល់ ដើម្បីមកតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងក្រុមការងារ អង្កេតបានដាក់ការការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាល មកពីម្ហូបអាហារ (ភ្លាសាច់គោឆៅ) ក្នុងកម្មវិធីខាងលើ ។ ទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដាន មូលហេតុជាបន្តទៀត។
បច្ចុប្បន្ន អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ០៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ដោយក្រុមគ្រូពេទ្យ បានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់និង បន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ០៥នាក់ (អាការៈស្រាល)៕