(ចិន)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦» ដែលរៀបចំធ្វើឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន។

«វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦» ធ្វើឡើងក្រោមប្រធានបទ «សន្ធានកម្មសេវាកម្មកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្មតាមរយៈ ផ្លូវសូត្រសមុទ្រ»

វេទិកានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា ការលើកកម្ពស់​ពាណិជ្ជ​កម្ម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានាជុំវិញសកលលោក។

ក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ក្នុងក្របខណ្ឌកិច្ចសហ​ប្រតិ​បត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ ក្រៅអំពីហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្មហើយនោះ កម្ពុជាមើលឃើញឱកាស​យ៉ាងច្រើនលើកិច្ចការ​ងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាជឿជាក់ថា តាមរយៈការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ​នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងអាចបើកឱកាសថ្មីសម្រាប់កំណើន និងការ​អភិវឌ្ឍន៍​ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់​ទាំងមូល និងលើសពីនេះ ឆ្ពោះទៅរកអនាគតនៃសន្តិភាព វិបុលភាព និងភាពជោគជ័យ​រួមគ្នា៕